(បាងកក)៖ ប្រទេសថៃសន្យាជំរុញឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរីនៅក្នុងទីផ្សារអង្ករ និង
បដិសេធធ្វើអន្តរាគមន៍ទាំងក្នុងទីផ្សារក្នុងស្រុក និងពិភពលោក ព្រមទាំងត្រៀមខ្លួនសហការជា មួយប្រទេសផលិតអង្ករផ្សេងទៀតនិងអ្នកប្រើប្រាស់នៅគ្រប់ប្រទេស ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងគុណភាព។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit ខណៈថ្លែងនៅក្នុងសន្និសីទអង្ករពិភពលោកលើកទី១៤ ដែលធ្វើឡើងនៅខេត្ត ភូកេតប្រទេសថៃកាលពីថ្ងៃពុធថា ប្រទេសដែលនាំចូលអង្ករទាំងអស់អាចធានាបានថា តម្លៃនឹងផ្អែក លើទីផ្សារតែប៉ុណ្ណោះ។

កាលពីខែកញ្ញា សេចក្តីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមបាន ឈានដល់កិច្ចព្រមព្រៀងមួយក្នុងគោលបំណងបង្កើនតម្លៃអង្ករដែលផលិតក្នុងស្រុកនៅក្នុងទីផ្សារពិភពលោកក្នុងគ្រាដែលមានការកើនឡើងថ្លៃដើមសម្រាប់កសិករ។ មួយខែក្រោយមក វៀតណាម បានបដិសេធកិច្ចព្រមព្រៀងណាមួយដែលបានរាយការណ៍នេះ។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក Le Minh Hoan ក្រសួងកសិកម្មរបស់ប្រទេស ទាំងពីរ «បានអនុវត្តសកម្មភាពសហប្រតិបត្តិការទូទៅប៉ុណ្ណោះ»។
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា
ប្រទេសថៃ និងវៀតណាមរួមគ្នាមានចំនួន ១០% នៃផលិតកម្មស្រូវពិភពលោក និង ២៦%
នៃការនាំចេញសកល។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាប្រទេសថៃគឺជាប្រទេសផលិតអង្ករធំជាងគេទីបួនរបស់ពិភពលោក
(២០ លានតោន) បន្ទាប់ពីប្រទេសចិន (១៤៧ លានតោន) ឥណ្ឌា (១២៤លានតោន) និង វៀតណាម
(២៧លានតោន)។ ការនាំចេញអង្កររបស់ថៃរំពឹងថានឹងកើនឡើងដល់ ៧,៥
លាន តោននៅឆ្នាំនេះ កើនពី ៦,១១ លានតោនកាលពីឆ្នាំមុន៕































