លោកជណទាវ យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង ចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ


 (ភ្នំពេញ)៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតនៃក្រសួង សុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញ ចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារ សរុបចំនួន ១១អគារ រួមមាន៖​ អគារ​ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារ នីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។នេះតាមការបញ្ជាក់របស់លោក ជំទាវ វេជ្ជបណ្ឌិត យក់​ សម្បត្ដិ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងប្រាប់ទៀតថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹង បញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។

លោកជំទាវរដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល បានថ្លែងបន្ដថា «មន្ទីរពេទ្យជាតិ តេជោសន្ដិ ភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំង អស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៣ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំង អ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ដែលជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ លើសពីនោះ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ពិសេសជាមួយនឹងការបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។

រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានគូសរម្លឹកបន្ថែមថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គឺជាការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយនៅថ្ងៃខាងមុខ ឆាប់ៗនេះ ប្រមុខដឹកនាំកម្ពុជាដ៏ឆ្នើមតែមួយគត់សម្រាប់កម្ពុជា នឹងមានគម្រោងអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ៕