(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និង ការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិ បារាំងនៅបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា លោក អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និង២៥ ខែមករា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនដ្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ស្ថានទូតបារាំងនៅកម្ពុជា បានឱ្យដឹងថា អមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធ ធុរកិច្ចបារាំង MEDEF International និង Business France លោក អូលីវេ្យ បិច នឹងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ នឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំង នៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន ៥,០០០ នាក់ ដែលកំពង់រស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។
លោករដ្ឋមន្ត្រីប្រតិភូ ក៏នឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញា ណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ លោក អូលីវេ្យ បិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគ អឺរ៉ុប និងសហភាពអឺរ៉ុប។

លោក អូលីវេ្យ បិច ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទ មេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។
ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗ របស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួម របស់លោក ប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ច ប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។

អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះ គឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រា កំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕
































