ក្រសួងការបរទេស បដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ដែលថាកម្ពុជាបាន ផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន តាមរយៈ Channel Telegram «Demografiya upala»

 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ដោយ ប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌ មានមិនពិត ដែលថាប្រទេសកម្ពុជាបានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ដោយ Channel Telegram​ មានឈ្មោះថា «Demografiya upala»

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលទទួលបាននៅយប់ថ្ងៃនេះ និងបានបក ប្រែក្រៅផ្លូវការ បានបញ្ជាក់ថា ក្រសួងសូមបញ្ជាក់ឡើងវិញថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែក បណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេស កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA​ គឺធ្វើឡើងដោយផ្អែកលើគោលការណ៍ មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យ ChannelTelegram  «Demografiya Upala» កែតម្រូវព័ត៌មានខាងលើឡើងវិញនៅលើគណនី ដែលការពិតគ្រុបនេះ មិនត្រឹមតែមិនមែនជាគណនីពិតប្រាកដនោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជា ប្រទេសមួយស្រឡាញ់សន្តិភាពស្របទៅនឹងគោលនយោបាយការបរទេសអព្យាក្រឹត ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ។

សូមជម្រាបថា រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់អ៊ុយក្រែន ទទួលបានការហ្វឹកហ្វឺន ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចំការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូ ជំនាញបច្ចេកទេស របស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែម លើឧបករណ៍បច្ចេកវិទ្យា ម៉ាស៊ីនរាវមីន ក្រោយពួកគេបានមកកម្ពុជា ដើម្បីរៀនសូត្រ និងទទួលយកបទពិសោធន៍នៃការដោះ មីននៅកម្ពុជា។

ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែន បានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សា ស្វែងយល់បន្ថែមទៀត ពីកម្លាំងជំនាញរបស់អង្គភាព CMAC ដែលកំពុងបំពេញប្រតិបត្តិការនៅ ចំការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាព នៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញ បោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីន ដោយការបញ្ជាសុនខ។

ក្រុមសិក្ខាកាមដោះមីនរបស់អ៊ុយក្រែន បានចុះអនុវត្តជាក់ស្តែងនៅតាមខេត្តមួយចំនួនរបស់ ប្រទេសកម្ពុជា ដូចជាខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម៕