(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រីកទីផ្សារស្រូវអង្ករ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកចំនួន០៨រូប ទៅចូលរួមកិច្ចប្រជុំ និងធ្វើទស្សនកិច្ច សិក្សាពីទីផ្សារអង្ករ នៅប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ សូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូប្រទេសកម្ពុជាបានជួបជាមួយលោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។
ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាព ក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថា នឹងចុះហត្ថលេខានាពេល ឆាប់ៗខាងមុខ។ ជាមួយគ្នានេះខាងភាគីហ្វីលីពីន ក៏បើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌ បច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផល បណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូល អង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំ ចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករ សធម្មតា។
គណៈប្រតិភូកម្ពុជាក៏បានគោរពអញ្ជើញ និងបានទទួលការអញ្ជើញដោយអ្នកនាំចូលអង្ករប្រទេស ហ្វីលីពីន មកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់តែម្តង ដើម្បីបង្កើនទំនុក ចិត្ត និងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលកម្មវិធីនេះនឹងគ្រោងរៀប ចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ នេះតែម្តង ដែលក្នុងកំឡុងពេលទស្សនកិច្ចសិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់៕

































