(រ៉ូម-អ៉ីតាលី)៖ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រ សេដ្ឋកិច្ចជន បទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade -ASPIRE-AT) ដែលមានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំ IFAD និងលោក Alvaro Lario ប្រធាន IFAD។

កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០,០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥,០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញ យកអត្ថប្រយោជន៍ទាំងពីទីផ្សារនាំចេញ និងទាំងពីទីផ្សារក្នុងស្រុក សម្រាប់កសិផល, ផលិតផល កសិកម្ម និងបសុសត្វ។
ថវិកាកម្មវិធីនេះនឹងផ្តល់ជូនតាមរយៈសមាគមអ្នកផលិត (Producer Organisations) និង សហ គ្រាសកសិកម្មខ្នាតតូច និងមធ្យម ហើយមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ដែលនឹងនាំមក នូវអភិក្រមផ្អែកលើទីផ្សារ ប្រកបដោយភាពច្នៃប្រឌិតដោយផ្តោតលើភាពជាដៃគូអាជីវកម្ម, លទ្ធភាព ក្នុងការទទួលបានឥណទាន និងទីផ្សារ ព្រមទាំងការកសាងសមត្ថភាពសម្រាប់អ្នកទទួលផល ដើម្បី ធ្វើឱ្យពួកគេកាន់តែមានភាពប្រកួតប្រជែង។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏ មានមហិច្ឆតាមួយដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច និងដើម្បីធានាថាពួកគេកាន់តែមានប្រសិទ្ធភាព, ផលិត ភាព, និរន្តរភាពបរិស្ថាន និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាមានការផ្សារភ្ជាប់កាន់ តែប្រសើរឡើងទៅនឹងទីផ្សារ និងខ្សែច្រវាក់ផលិតកម្មចំនួន ៦មុខរួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច។
គួរបញ្ជាក់ថាដែរ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងទី១១ នៅក្នុងក្របខណ្ឌហិរញ្ញប្បទានដែលផ្តល់ដោយ IFAD។ គិតត្រឹមដើមឆ្នាំ២០២៣នេះ IFAD បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបចំនួន ប្រមាណ ៣០៤លានដុល្លារអាមរិក ហើយបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ, សន្តិសុខស្បៀង, ការកាត់បន្ថយភាពក្រីក្រ, ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ពិសេសការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កសិករ អំពីការប្រើប្រាស់បច្ចេកវិទ្យាដែល មានប្រសិទ្ធភាពជាងមុន និងការចូលទៅកាន់ទីផ្សារ៕

































