កម្ពុជាបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក

(ភ្នំពេញ)៖ នាឱកាសទិវាសុខភាពពិភពលោក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ក្រោមប្រធានបទ «សុខភាពសម្រាប់ទាំងអស់គ្នា» និងជាការចាប់ផ្ដើមយុទ្ធនាការ រយៈពេលពេញមួយឆ្នាំ ប្រារព្ធពិធីអបអរសាទរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ដែល ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោកនា ឆ្នាំ១៩៥០ ដែលកាលនោះប្រទេសកម្ពុជា គឺជាសមាជិកសហភាពបារាំង ហើយចាប់តាំងពីពេលនោះរហូតមក អង្គការសុខភាពពិភពលោក បានក្លាយជាដៃគូសុខាភិបាលរបស់កម្ពុជា ដោយធ្វើការងារ ដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែមានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានសមិទ្ធផល ធំធេងលើគ្រប់វិស័យ ជាពិសេស ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។ល។ សូមសម្តែងនូវការអបអរសាទរ នាឱកាសគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO)។

ព្រះរាជាណាចក្រកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការ ជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ”។

ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកដ៏សកម្មរបស់អង្គការសុខភាពពិភពលោក កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ និងគាំពារសុខភាពសាធារណៈ និងសមធម៌សុខាភិបាលនៅក្នុងប្រទេស ក៏ដូចជានៅជុំវិញពិភពលោក ហើយយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល «យើងគឺជាអង្គការ WHO»

ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាព គួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជន ម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្ន ស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែលជាតួលេខមួយកើនឡើង បើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រីបីនាក់ ប៉ុណ្ណោះដែលសម្រាលកូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ។

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ បានធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំងការថយចុះជាង ៥០% នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់។

ប្រទេសកម្ពុជាបានលុបបំបាត់ជំងឺស្វិតដៃជើង ដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ ចំនួនករណីរាយការណ៍នៃជំងឺគ្រុនចាញ់ដោយ falciparum គឺមានកម្រិតទាបបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើងរយៈពេល ប្រាំឆ្នាំចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ ដោយសារជំងឺគ្រុនចាញ់ចុងក្រោយ នៅឆ្នាំ២០១៨។ អត្រាឆ្លងនិងអត្រាមរណភាពដោយជំងឺរបេង បានថយចុះប្រមាណ ៥០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រៀមលក្ខណៈបានយ៉ាងមានប្រសិទ្ធភាព និងបានឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខសុខភាព និងគ្រាអាសន្ន ជាពិសេស គឺជំងឺរាតត្បាតសកលកូវីដ-១៩ តាមរយៈការពង្រឹងប្រព័ន្ធអង្គេត តាមដាន និងប្រព័ន្ធឆ្លើយតប សមត្ថភាពមន្ទីរពិសោធន៍ និងវិធានការសុខភាពសាធារណៈ និងសង្គម។ កាន់តែពិសេសជាងនេះ កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្ដប់ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្តល់ជំនួយគាំពារសុខភាពផ្លូវចិត្ត និងចិត្ត-សង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និងវិបត្តិកើតឡើង។

លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «នាឱកាសទិវាសុខភាពពិភពលោកនេះ យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្នុងការដឹកនាំឆ្ពោះទៅសម្រេចនូវគោលដៅ «សុខភាពសម្រាប់ទាំងអស់គ្នា»។ អង្គការសុខភាពពិភពលោកពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវភាពជោគជ័យនេះ»៕