(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ទីក្រុងប៉េកាំង បានដាក់ទណ្ឌកម្មបន្ថែមទៅលើ លោកស្រី សៀវម៉ី ជីន (Hsiao Bi-khim) អ្នកតំណាងផ្នែកការទូតរបស់តៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក ដោយការហាមឃាត់លោកស្រី និងសមាជិកគ្រួសារ មិនឲ្យចូលទៅមកកាន់ចិនដីគោក ហុងកុង និងម៉ាកាវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការសម្រេចបន្ថែមទណ្ឌកម្មនេះ ត្រូវបានប្រកាសដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ហើយក៏បានហាមឃាត់អ្នកវិនិយោគ និងក្រុមហ៊ុន មិនឲ្យពាក់ព័ន្ធនឹង លោកស្រី សៀវ ទាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងបុគ្គល។ យ៉ាងនេះក្តី ទណ្ឌកម្មរបស់ចិននឹងមានផលប៉ះពាល់ជាក់ស្តែងតិចតួចប៉ុណ្ណោះ ខណៈដែល មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មិនធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលតុលាការចិនក៏មិនមានយុត្តាធិការនៅតៃវ៉ាន់។
គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានជួបប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) កំលុងពេលឈប់សំចតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ៕
































