ភ្នំពេញ ៖ នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីនៃវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនៅព្រឹកថ្ងៃទី១០ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស កុំរើសអើង និងខ្លាចអ្នករអារអ្នកខេត្តសៀមរាប និងមិនហ៊ានធ្វើដំណើរទៅខេត្តសៀមរាប។ សម្តេចតេជោ ជំរុញឲ្យក្រសួងសុខាភិបាល ដាក់ប្រចាំមន្ត្រីទទួលទូរស័ព្ទ១១៥ ឲ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់បំផុត។
ការបញ្ជាក់អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា គឺនៅក្រោយពេលរកឃើញបុរសជនជាតិខ្មែរម្នាក់វ័យ៣៨ ឆ្នាំ បានឆ្លងវីរុសកូវីដ-១៩ ពីជនជាតិជប៉ុន នៅខេត្តសៀមរាប។ សម្តេចតេជោ បានប្រាប់ពលរដ្ឋកុំឲ្យបារម្ភជ្រុលហួស រហូតរើសអើងជនជាតិខ្លួនឯងមកពី ខេត្តសៀមរាប។ កាលពីម្សិលម៉ិញ សម្តេចតេជោ ថានឹងធ្វើដំណើរទៅសួរសុខ ទុក្ខ បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ដើម្បីបំបាត់ភាពភ័យខ្លាច របស់ពលរដ្ឋ ចំពោះវត្តមានកូវីដ-១៩។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅក្រសួងសុខាភិបាលឲ្យដាក់មន្ត្រីសុខាភិបាលប្រចាំការគ្រប់ពេល ដើម្បីឆ្លើយតបប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ១១៥។ នាពេលកន្លងទៅនេះ មានការរិះគន់ថា អ្នកប្រចាំការទទួលទូរស័ព្ទ១១៥ ឆ្លើយរុញដាក់គ្នា ដោយមិនទទួលខុសត្រូវ។
បើតាមក្រសួងសុខាភិបាល មកដល់ពេលនេះ អ្នកដែលពាក់ព័ន្ធចំនួន២២នាក់ ត្រូវបានក្រសួងយកសំណាកមកពិនិត្យ ប៉ុន្តែលទ្ធផលពួកគាត់មិនមានផ្ទុកវីរុសថ្មីកូវីដ១នោះទេ សូម្បីតែភរិយារបស់បុរសវ័យ៣៨ឆ្នាំនេះ ក៏គ្មានវីរុសនោះដែរ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មកពេលនេះ ស្ថានភាព សុខភាពរបស់ជនជាតិខ្មែរផ្ទុកកូវីដ១៩នោះ ស្ថិតក្នុងស្ថានភាពធម្មតា មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ។ កាលសៅរ៍កន្លងទៅ សម្តេចតេជោ បានបញ្ជាឲ្យបិទសាលារៀនទាំងរដ្ឋ និងឯកជន នៅក្រុងសៀមរាប បណ្តោះអាសន្ន ដើម្បីទប់ ស្កាត់មិនឲ្យរីករាលដាល រហូតដល់អាជ្ញាធរបញ្ចប់ការប្រមូលអ្នកទាក់ទងផ្ទាល់ជាមួយជនជាតិជប៉ុន និងជនជាតិខ្មែរ ដែលឆ្លងវីរុសនេះ៕
































