(ភ្នំពេញ)៖ នៅចំពោះមុខឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសមិទ្ធផលដែលកម្ពុជាកំពុងស្ថាបនាឡើង និងបានរំឭកថារាជ រដ្ឋាភិបាលកម្ពុជាបានខិតខំកសាងសមិទ្ធផលចាប់ពីនេះទាំងបាតដៃទទេ និងមានរបួសផងទៀត ខុសស្រឡះពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសដទៃដែលឡើងកាន់តំណែងមក គឺមាន សមិទ្ធសង្គម-សេដ្ឋកិច្ចស្រាប់ៗ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអ ភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

គួររំឭកថា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាមិនសូវមានសន្តិភាពពេញ លេញនោះឡើយ កិត្យានុភាពក៏ធ្លាក់ចុះ ពិសេសនៅអំឡុងសតវត្សចុងក្រោយ កម្ពុជាបានជួបនូវ វិបត្តិសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមក ដោយមានការលុកលាន់ញុះញង់ពីបរទេសមួយចំនួនផង ដែលបាននាំទៅដល់ការកាប់សម្លាប់ប្រជាជនឯង បំផ្លាញសមិទ្ធផលសង្គម-សេដ្ឋកិច្ចខ្ទេចខ្ទីគ្មាន សល់។ ចាប់ពីថ្ងៃរំដោះ៧មករា១៩៧៩មក កម្ពុជាហាក់ស្គាល់នូវភាពរស់រានឡើងវិញ រហូតដល់ ឆ្នាំ១៩៩៨ទើបសន្តិភាពកើតឡើងពេញលេញក្នុងផ្ទៃប្រទេស ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ក៏បានខិតខំកសាងប្រទេសឡើងវិញរហូតដល់មានការរីកចម្រើន នាពេលបច្ចុប្បន្ន ហើយក៏កំពុងស្ថាបនាសមិទ្ធផលសង្គម-សេដ្ឋកិច្ចតទៅមុខទៀតដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សូម សម្លឹងមើលសមិទ្ធផលដែលកម្ពុជាមាននិងកំពុងកសាង។ កម្ពុជាជាប្រទេសក្រ តែខិតខំត្រដររស់ ត្រដររស់តាំងពីភ្នំពេញមានតែភាពទទេ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលមានសមត្ថភាពខំ ប្រឹងធ្វើបណ្ដើរៗ ខុសពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនដែលឡើងកាន់តំណែង មក មានសមិទ្ធផលសង្គម-សេដ្ឋកិច្ចសព្វគ្រប់បែបយ៉ាង គ្រាន់តែរៀបចំ ដាក់ចេញ និងអនុវត្តគោល នយោបាយប៉ុណ្ណោះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានាធិបតី នាយករដ្ឋមន្ត្រីរបស់អស់លោកអ្នក ស្រួល ណាស់ ស្រួលជាងខ្ញុំ ស្រួលឆ្ងាយ ដោយសារឡើងមកមានស្រាប់ៗ (មានសមិទ្ធផលផ្សេងៗច្រើន) គ្រាន់តែដាក់ចេញគោលនយោបាយ អនុវត្តទៅ ឯពួកខ្ញុំនេះចាប់ផ្ដើមឡើង ដៃម្ខាងទប់ខ្មែរក្រហម កុំឱ្យមកវិញ ដៃម្ខាងទៀតត្រូវកសាងប្រទេស ចាប់ពីពីលេខសូន្យ ចាត់ទុកថាពួកខ្ញុំចាប់ផ្ដើមពីបាត ដៃទទេ ហើយបាតដៃហ្នឹងរបួសទៅទៀត ត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែយើងខ្ញុំប្រឹងតោងធ្វើម៉េចឱ្យរស់ នេះជាចំណុចដែលអស់លោកអ្នកអាចមើលឃើញថា ចរិតរបស់យើងខ្ញុំ គឺយ៉ាងណា»។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឱ្យមិត្តបរទេសសូមងាកមកជួយ ឬបង្កើនការជួយជ្រោម ជ្រែងដល់កម្ពុជាក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនតទៅមុខទៀត តែសូមកុំប្រើនយោបាយ បំបែកបំបាក់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ព្រោះកម្ពុជាជួបរឿងកម្សត់ច្រើន ណាស់ទៅហើយ ដោយសារតែការអូសទាញរបស់មិត្តបរទេសកាលគ្រាអតីតកាល។ កម្ពុជាខំប្រឹងរស់បានដូចពេលបច្ចុប្បន្ននេះ ក៏ព្រោះជួបភ័ព្វសន្តិភាព ស្ថិរភាពនយោបាយ មិនមែន លូតលាស់ចេញពីសង្គ្រាម ឬក៏នយោបាយប្រឆាំងនោះឡើយ ហើយក៏កម្ពុជាក៏ចង់រស់នៅសុខសាន្ត រស់នៅដោយរីកចម្រើនដូចមិត្តបរទេសដែរ៕
































