(ហាវ៉ៃ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ គឺ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅលើ កោះម៉ាវអ៉ី (Maui Island) នៃរដ្ឋហាវ៉ៃ បានកើនឡើងដល់ ៥៣នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈភ្លើងឆេះព្រៃ ដែលត្រូវបានជំរុញដោយខ្យល់បក់ បានឆេះរាលដាលខ្លាំងនិង បង្កការបំផ្លិចបំផ្លាញលើតំបន់មួយផ្នែកធំទីក្រុង ទីក្រុងរីសត Lahaina នៃកោះមួយនេះកំពុងស្ថិតនៅ ក្រោមការគ្រប់គ្រង ៨០ភាគរយ។

កោះម៉ាវអ៉ីដែលជាផ្នែកមួយនៃរដ្ឋហាវ៉ៃ បានទាក់ទាញចំណាប់អារម្មណ៍ដ៏ភ្ញាក់ផ្អើល បន្ទាប់ពីភ្លើងឆេះ ព្រៃធំៗចំនួន៣ បានឆាបឆេះកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានកាត់ផ្ដាច់ផ្នែកខាងលិច នៃកោះនេះ និងទីក្រុងរីសត Lahaina ជាទីដែលហេដ្ឋារចនាសម្ព័ន្ធច្រើនជាង ២៧០ ត្រូវបានបំផ្លាញ ឬរងការខូចខាត។ បើតាមក្រុមអ្នកសង្រ្គោះបន្ទាន់ មនុស្សជាច្រើនបានរងការរលាកភ្លើង ថប់ដង្ហើម ដោយសារផ្សែង និងជាច្រើននាក់ទៀតរងររបួស។ ចំណែក ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ នៅតែបន្តធ្វើឡើងនៅឡើយខណៈមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ន ឬចាកចេញពីកោះនេះតែម្ដង៕
































