ចិនបន្តសម្តែងការជំទាស់ ចំពោះវត្តមាននាវាចម្បាំងច្រែះចាប់របស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ ២០២៣ អោយដឹងថា​ឆ្មាំសមុទ្រនៃប្រទេសចិននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួនបានព្រមានហើយ ធ្វើដំណើរតាម ក្រុមទូកនិងនាវារបស់ហ្វីលីពីន នៅក្បែរតំបន់​ថ្មប៉ប្រះទឹក Second Thomas Shoal នៃសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងបេសកកម្មផ្គត់ផ្គង់សម្ភារទៅកាន់នាវាចម្បាំងច្រែះចាប់មួយ ដែលមានវត្តមាននៅទីនោះ។

បញ្ហាវិវាទជុំវិញវត្តមាននាវាចម្បាំងឈ្មោះថា Sierra Madre ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម លោកលើកទី២ បានកើនឡើងកម្តៅខ្លាំង បន្ទាប់ពីឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹកដាក់លើ ទូករបស់ហ្វីលីពីន១គ្រឿង នៅថ្ងៃទី៥ ខែសីហាកន្លងទៅ ដែលស្ថិតក្នុងបេសកកម្ម​ផ្គត់ផ្គង់សម្ភារ ហើយខាងហ្វីលីពីនបានច្រានចោល ការទាមទាររបស់ទីក្រុងប៉េកាំង ដែលចង់ឱ្យខ្លួនអូសនាវា ចម្បាំងច្រែះចាប់នោះ ចេញពីតំបន់​ជម្លោះ។

តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថា Ren’ai Reef និងហ្វីលីពីនហៅថា Ayungin ស្ថិតនៅក្នុងបរិវេណ​នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន ហើយជាជម្រក របស់កងទ័ពហ្វីលីពីនមួយចំនួនតូច ដែលស្នាក់នៅប្រចាំការលើនាវាចម្បាំង Sierra Madre ដែលហ្វីលីពីនយកទៅទុកចោលនៅទីនោះ កាលពីឆ្នាំ១៩៩៩ ដើម្បីពង្រឹងការអះអាងអធិបតេយ្យ របស់ខ្លួន។ បើតាមឆ្មាំសមុទ្រចិន នៅថ្ងៃសុក្រនេះ ទូកដឹកសម្ភារផ្គត់ផ្គង់២គ្រឿង និងនាវាឆ្មាំសមុទ្រ ហ្វីលីពីន២គ្រឿង បានធ្វើដំណើរចូលដែនទឹក នៅក្បែរតំបន់ថ្មប៉ប្រះទឹកខាងលើ ខណៈឆ្មាំសមុទ្រ ចិនអះអាងថា វាគឺជាសកម្មភាពទន្ទ្រានចូលដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ឆ្មាំសមុទ្រចិនបានបន្តថា ខ្លួនបានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ ទូកនិងនាវារបស់ហ្វីលីពីន ហើយបានធ្វើដំណើរតាមជាប់រហូត ដើម្បី​បង្ហាញជាថ្មីនូវជំហរប្រឆាំងយ៉ាងរឹងមាំរបស់ចិន ចំពោះ សកម្មភាពដឹកជញ្ជូនសម្ភារសំណង់ដែលខុសច្បាប់ របស់ហ្វីលីពីនទៅកាន់​នាវាចម្បាំង Sierra Madre៕