(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាន និយាយថាការធ្លាក់យន្ដហោះដែលបានផ្ដាច់ជីវិតថៅកែទាហាន ស៊ីឈ្នួលរុស្ស៉ី លោក Yevgeny Prigozhin កាលពីខែសីហាកន្លងទៅ គឺត្រូវបានបង្កឡើងដោយគ្រាប់បែកដៃដែលត្រូវបានបំផ្ទុះនៅ លើយន្ដហោះនោះ មិនមែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលនោះទេ។
ការអះអាងខាងលើរបស់លោក ពូទីន ថាយន្ដហោះរបស់លោក Prigozhin ត្រូវបានបំផ្ទុះដោយគ្រាប់ បែកដៃ គឺធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៉ីបានជូនដំណឹងនេះដល់រូបលោក កាលពីប៉ុន្មានថ្ងៃមុននេះ។ ថ្លែងនៅឯកិច្ចប្រជុំមួយរៀបចំដោយវិទ្យាស្ថាន Valdai Discussion Club ក្នុងទីក្រុង Sochi លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «បំណែកគ្រាប់បែកដៃត្រូវបានរកឃើញ នៅលើសាកសព នៃមនុស្សដែលត្រូវបានសម្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ»។ លោកបន្តថាយន្ដហោះនេះមិនមែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដូចដែលក្រុមមន្ត្រីអាមេរិកមួយចំនួនលើកឡើង នោះទេ។ ប៉ុន្តែ លោក ពូទីន មិនបានផ្ដល់ព័ត៌មានលម្អិតថាតើគ្រាប់បែកដៃត្រូវ បានបំផ្ទុះនៅលើយន្ដហោះ ដោយរបៀបណានោះទេ៕

































