ក្រុមប្រឹក្សាភិបាលអៃរាវត្តា ថ្លែងអំណរអរគុណ រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ដែលបន្តឧបត្ថម្ភគាំទ្រដល់ សមាគមអៃរាវតា្ត


(ភ្នំពេញ)៖ បន្ទាប់ពីបានចូលជួប និងសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពការងារ ដែលសមាគមបានបំពេញកន្លងមកជូនជ្រាបដល់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន, លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគម រួមទាំងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា និងក្រុមការងារអៃរាវតា្តទាំងមូល ថ្លែងអំណរគុណឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ដែលបន្តការ ឧបត្ថម្ភគាំទ្រដល់សមាគមអៃរាវតា្ត។

លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាន ជម្រាបជូនលោកបណ្ឌិតរដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរីចំនួន៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានស្នើសុំការគាំទ្របន្ថែមទៀត ពីក្រសួងបរិស្ថាន លើសកម្មភាព អេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត។

ដោយឡែក ថវិកាមួយចំនួនទៀត លោកស្រី នឹងយកទៅរៀបចំជាភូមិវប្បធម៌ ដើម្បីទាក់ទាកទាញ ភ្ញៀវទេសចរឲ្យមកទស្សនា។ លើសពីនោះលោកស្រី ក៏សូមគោរពអញ្ជើញភ្ញៀវ ដោយមកទស្សនា ផ្ទាល់ កាន់ផ្ទាល់ ជាមួយសត្វដំរីនេះផងដែរ ពិសេសបានឃើញនៅសមាគមដែលមើលថែដំរី។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូមគាំទ្រការអភិវឌ្ឍសកម្មភាព អេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ ក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំ ពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅ ណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិ ផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បី បម្រើឲ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ។

សូមជម្រាបថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារ បរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បង ចំនួន៣គឺ ទី១៖ ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជា ដែលប្រឈមនឹងការផុតពូជ, ទី២៖ ជួយ លើកកម្ពស់វិស័យអេកូទេសចរណ៍ នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣៖ បង្កាត់ពូជដំរីស្រុក ឲ្យកើតកូនកើតចៅបានកាន់តែច្រើន៕