ក្រោយបោះឆ្នោតវេតូ រុស្ស៉ីថាមហាអំណាចធំៗ ត្រូវតែបញ្ឈប់ការគាបសង្កត់កូរ៉េខាងជើង

(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា បាននិយាយថាមហាអំណាចធំៗទាំងអស់ចាំបាច់ត្រូវតែមានយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ហើយ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងបង្កើនភាពតានតឹងយោធាក្នុងតំបន់អាស៊ី និងព្យាយាមគាបសង្កត់លើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា បានបោះឆ្នោតវេតូរាំងខ្ទប់ការផ្ដល់អាណត្តិថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញ UN ដែលតាមដានលើការអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ ក្នុងការបោះឆ្នោតនៅឯ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបោះឆ្នោតអនុបវាទ ខណៈប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ១៣ ផ្សេងទៀតបានបោះឆ្នោតគាំទ្រលើការផ្ដល់ អាណត្តិជាថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញ UN តាមដានលើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ អាណត្តិនៃគណៈកម្មាធិការនេះនឹងត្រូវ អស់សុពលភាពនៅចុងខែមេសាខាងមុខនេះ។ កូរ៉េខាងជើងបានជាប់ទណ្ឌកម្មចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ បន្ទាប់ពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង។

ឆ្លើយតបទៅនឹងការរិះគន់ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ មិនអាចប្រើប្រាស់វិធីសាស្ត្រចាស់ ដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ តទៅទៀតបាននោះទេ។ តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យរូបនេះបានឆ្លៀតរិះគន់សហរដ្ឋអាមេរិក ថាកំពុងបង្កើនភាពតានតឹងយោធា ហើយថាទណ្ឌកម្មមិនបានធ្វើឱ្យស្ថានការណ៍មានភាពល្អប្រសើរនោះទេ ផ្ទុយទៅវិញបែរជាបង្កឱ្យមានវិបត្តិមនុស្សធម៌សម្រាប់ ប្រជាជនកូរ៉េខាងជើង៕