ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។
លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណ្ឌភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព មានដូចជា៖
១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត
២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤.តំឡើងបង់អង្គុយលេង
៥.សាងសង់បន្ទប់ទឹកថ្មី
៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨.រៀបចំសួនកុមារ
៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បំរើឱ្យសាធារណ:ជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។ ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ។
សូមបញ្ជាក់ផងដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ណែនាំ លេខ ០១.សរណន ចុះថ្ងៃទី ០៣ ខែ កម្ភ: ឆ្នាំាំ២០១២ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដែលមានសានខ្លឹមសារថា៖
ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥និងទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូតា ប្រទេសសេណេហ្គាល់ ដោយក្លិបឆ្នេរស្អាតបំផុតលើពិភពលោក ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពប្រណីតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ីសេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍។ ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលទាមទារឲ្យមានការអភិវឌ្ឍផ្នែករូបវន្តិសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថានវប្បធម៌ និងប្រពៃណ៏ក្នុងតំបន់ឆ្នេរសមុទ្រ។
ដូច្នេះហើយ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដី ព្រមទាំងផែនការគ្រប់គ្រងការអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រជាបន្ទាន់នូវរាល់ទីតាំងទាំងឡាយណាដែលពុំទាន់មានប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដី ដើម្បីសុំការសម្រេចពីស្ថាប័នមានសមត្ថកិច្ចនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធនៃបណ្តាខេត្តតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តខ្លឹមសារនៃសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាពនិងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយរាយការណ៍ពីលទ្ធផលនៃការអនុវត្តសករាជរដ្ឋាភិបាលវិញ៕ ដោយ ៖ មនោរាហ៍







































