សមិទ្ធផលនានាជាច្រើនក្នុងវត្តជោត្តញ្ញាណ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កោះកុង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ
និងលោកជំទាវ កាន់ ចន្ឆ្រា ទៀ វិញ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តជោគសញ្ញាណ។
ពិធីបានប្រព្រឹត្តធ្វើនៅថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ មេសាឆ្នាំ ២០២៥
ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរជំនាញនានាជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គណៈកម្ម ការ លោកអាចារ្យវត្ត ឧបាសកឧបាសិកា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និស្សិតបញ្ញាវន្ត សិក្សាអនុស្សសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួម អបអរសាទរក្នុងពិធីយ៉ាងឧទ្ធឹកឧទ្ធម្ភ ។

ពិធីបុណ្យសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន កុដិព្រះមេគុណមួយខ្នង ទីប៉ាឆាថ្មីមួយកន្លែង សាលាតម្កល់សពមួយ អាគារដោយមានរោងបាយ និងបន្ទប់ទឹក បង្គន់អនាម័យ នឹងផ្លូវលំពីខ្លោងទ្វារវត្តឆ្ពោះទៅកាន់ឈាបនដ្ឋានមួយខ្សែរ ព្រមទាំងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ។

ថ្លែងក្នុងពិធីនោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍សង្ខេប អំពីប្រវត្តិរបស់ វត្តជោត្តញ្ញាណ និងសមិទ្ធផលមួយចំនួន ត្រូវបានកសាងតាំងពីឆ្នាំ ១៩៦១ ដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត និងលោកសេនាប្រមុខ លន់ ណុល រួមមាន ព្រះវិហារ សាលាឆាន់ និងកុដិ ៣ខ្នង រួមទាំងបានរៀបចំពិធីបុណ្យបញ្ចុះ ខណ្ឌសីមា និងពុទ្ធាភិសេក ព្រមអធិបតី ភាព ព្រះមេគណខេត្តកោះកុង ព្រះនាម ស្ងួន នឹងឯកឧត្តម សេក សំអៀត ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា: ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ ថ្ងៃ សមិទ្ធផលនានាក្នុងវត្ត ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរស្ទើរគ្មានសល់។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិទាំងមូល ក៏ដូចជា វត្តជោត្តញ្ញាណ ត្រូវបានប្រែមុខប្រែមាត់ថ្មី ក្រោមការដឹកនាំរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិទាំងមូល ដែលមានសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំ បានបង្រួបបង្រួម និងផ្សះផ្សារជាតិឆ្ពោះទៅសុខសន្តិភាព ជូនប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ វត្តជោត្តញ្ញាណ ក៏បានមកចាប់ផ្ដើមកសាងឡើងវិញនៅ ព.ស. ២៥២៨ គ.ស. ១៩៨៥ ដោយព្រះតេជគុណ ផែន ដែលជាព្រះចៅអធិការ និងលោកតា យួន ទូ ប្រធានគណៈកម្មការវត្ត។

គួរបញ្ជាក់ដែរថា: វត្តជោត្តញ្ញាណ ក្រោយពីររងការខ្ទេចខ្ទីស្ទើរទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានកសាងជាបន្តបន្ទាប់ ដោយព្រះចៅអធិការវត្ត និងប្រធានគណៈកម្មាធិការវត្ត ត.ត រហូតដល់បច្ចុប្បន្ន៕ ដោយ សេន ពិសិដ្ឋ