
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក BYOUNG HOON KIM នាយកប្រតិបត្តិក្រុមហ៊ុន HSCMT CO., LTD និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចជំនួបនាពេលនេះមានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ពីបច្ចេកវិទ្យាវាស់ស្ទង់ និងគ្រប់គ្រងធនធានទឹកឆ្លាតវៃ ព្រមទាំងបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុន ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាល និងចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន HSCMT Co., Ltd ជាក្រុមហ៊ុនឈានមុខមួយនៅប្រទេសកូរ៉េលើបច្ចេកវិទ្យាវាស់ស្ទង់ឆ្លាតវៃ និងមានបទពិសោធន៍អភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាឧបករណ៍ចាប់រលកសញ្ញាអ៊ុលត្រាសូនិក(ultrasonic) ដំបូងក្នុងប្រទេសកូរ៉េនាទសវត្សរ៍ឆ្នាំ១៩៩០ ហើយជាបន្តបន្ទាប់បានប្រមូលផ្តុំសមត្ថភាពលើការអភិវឌ្ឍ ការផលិត និងការចែកចាយឧបករណ៍វាស់ស្ទង់ឆ្លាតវៃ អស់រយៈពេលជាង ៣០ឆ្នាំ។ ក្រុមហ៊ុនមានការិយាល័យ និងដៃគូជាច្រើននៅក្រៅប្រទេសដូចជា ប្រទេសអ៊ូសបេគីស្ថាន រុស្ស៊ី ឥណ្ឌា ចិន កាហ្សាក់ស្ថាន ហ្វីលីពីន និងសិង្ហបុរីជាដើម។ នៅកម្ពុជា ក្រុមហ៊ុន ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឯកជនមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មទឹកឆ្នាំ២០២៥ កាលពីខែឧសភា នៅទីក្រុងភ្នំពេញផងដែរ៕



































