លោក ត្រាំ ទទួលស្គាល់ថាមនុស្សជាច្រើនកំពុងស្លាប់ដោយសារអត់ឃ្លានក្នុងតំបន់ហ្កាហ្សា សន្យាបង្កើតទីតាំងចែកចាយស្បៀង

(គែរ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ថាមនុស្សជាច្រើនកំពុងស្លាប់ដោយសារ អត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ហើយថាអ៉ីស្រាអែលមាន ទំនួលខុសត្រូវជាច្រើនក្នុងការបង្កើនលំហូរចូលនៃជំនួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងតំបន់ហ្កាហ្សាអំឡុងសង្រ្គាមជិត២ឆ្នាំមកនេះ បានកើនដល់ជិត ៦០ ០០០នាក់ ខណៈ ចំនួនអ្នកស្លាប់ជាពិសេសកុមារ ដោយសារការអត់ឃ្លាន និងខ្វះខាតអាហាររូបត្ថម្ភកើនឡើងជារៀងរាល់ថ្ងៃ ដោយក្នុងនោះរូបភាពកុមារប៉ាឡេស្ទីនរងគ្រោះដោយសារការអត់ឃ្លាន ក្នុងតំបន់ហ្កាហ្សា កំពុងធ្វើឱ្យពិភពលោកតក់ស្លុត និងដុតបញ្ឆេះការរិះគន់ពីអន្តរជាតិលើអ៉ីស្រាអែល។

ដោយពិពណ៌នាថាគ្រោះអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាថាជាការពិត ការលើកឡើងរបស់លោក ត្រាំ គឺផ្ទុយគ្នាទាំងស្រុងពីការអះអាងរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាមិនមានអ្នកស្លាប់ដោយសារគ្រោះអត់ឃ្លានក្នុងតំបន់ហ្កាហ្សានោះទេ និងប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។ ថ្លែងនៅ អំឡុងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសស្កុតឡែន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលមានទំនួលខុសត្រូវសម្រាប់លំហូរជំនួយ និងជួយសង្រ្គោះមនុស្សជាច្រើន ។ មនុស្សជាច្រើនកំពុងស្លាប់ដោយសារអត់ឃ្លាន»

គួរបញ្ជាក់ថា បើតាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងបង្កើតទីតាំងចែកចាយស្បៀងក្នុងតំបន់ហ្កាហ្សា ដោយមិនមានរនាំង ឬឧបសគ្គរារាំងអ្វីទេ ដើម្បីសម្រួលដល់លំហូរជំនួយ។ អ្នកនាំពាក្យសេតវិមានបញ្ជាក់ថាព័ត៌មានលម្អិតបន្ថែមអំពីការបង្កើតទីតាំងចែកចាយស្បៀងនឹងត្រូវបញ្ជាក់នៅពេលក្រោយ៕