(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអះអាងថា អង្គភាព CMAC បានត្រៀមត្រៀមពង្រាយកម្លាំងជំនាញដើម្បីស្រាវជ្រាវ កំណត់តំបន់ផលប៉ះពាល់ និងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ នៅពេលសភាពការណ៍សង្គ្រាមបានបញ្ឈប់។
លោកបានលើកឡើងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លើងបន្តិច ប្រជាពលរដ្ឋបានទំនាក់ទំនងមករកអង្គភាព CMACជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា។
លោកបញ្ជាក់ថា «នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់ កម្លាំងអង្គភាព CMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាត ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព»។

ក្នុងសភាពការណ៍ចំពោះមុខ លោកអគ្គនាយកសូមអំពាវនាវ ជូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៉ីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ៖
* ឧត្តមសេនីយ៍ត្រី អ៊ាន សុធា៖ 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ។
* ឧត្តមសេនីយ៍ត្រី នេត រដ្ឋា៖ 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ
* សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ 097 200 1406៕































