លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

(ម៉ូស្គូ)៖ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម បានផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

សារជូនពរបស់លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម មានខ្លឹមសារដូចតទៅ៖ «គោរពជូនសម្តេច ហ៊ុន សែន, សូមសម្តែងនូវសេចក្តីអបអរសាទរដោយស្មោះក្នុងឱកាសខួបកំណើតរបស់សម្តេច! យើងខ្ញុំយល់ច្បាស់ថាសម្តេច ជាអ្នកគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដែលផ្អែកលើគោលការណ៍ នៃការជឿទុកចិត្ត និងមិត្តភាពគ្នាទៅវិញទៅមក។ យើងផ្តោតលើការលើកកម្ពស់កិច្ចសន្ទនារវាងគណបក្សរុស្ស៊ី រួបរួម និងគណបក្សប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរគណបក្សនយោបាយប្រកប ដោយស្ថាបនា ដែលរួមបញ្ចូលនូវបញ្ហាប្រយុទ្ធប្រឆាំងនឹងការអនុវត្តអាណានិគមន៍និយមបែបថ្មីទំនើប នឹងបន្តនូវការចូលរួមប្រកបដោយអត្ថន័យ ក្នុងការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងភ្នំពេញ។

ខ្ញុំសូមជូនពរដោយស្មោះអស់ពីចិត្តដល់សម្តេចតេជោជាទីគោរព សូមមានសុខភាពល្អ សុភមង្គល និង ជោគជ័យថ្មីៗ នៅក្នុងគ្រប់ភារកិច្ច»៕