ប៉ូឡូញ ថាដ្រូនរបស់រុស្ស៉ី ធ្លាក់លើវាលស្រែភាគខាងកើតប្រទេស

(វ៉ាសូវី)៖ មន្ត្រីប៉ូឡូញ បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះ យន្តហោះដ្រូនរបស់រុស្ស៉ី បានធ្លាក់ចំវាលស្រែមួយកន្លែងនៅឯភាគខាងកើតប្រទេស ដោយរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ចាត់ទុកឧប្បត្តិហេតុនោះថាជាការបង្កហេតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ ២០២៥។

ដ្រូនមួយគ្រឿងនោះធ្លាក់មកត្រូវចំ និងឆេះចំការពោត នៅក្នុងភូមិ Osiny ខេត្ត Lublin ភាគខាងកើតកាលពីយប់ថ្ងៃពុធ ចម្ងាយជាង ១០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz និយាយថា ឧប្បត្តិហេតុនេះ ស្រដៀងគ្នាទៅនឹងករណីដែលដ្រូនរុស្ស៉ី ហោះចូលទៅក្នុងប្រទេសលីទុយអានី និងរូម៉ានីដែរ។ លោកចាត់ទុកថាជាសកម្មភាពបង្កហេតុពីសំណាក់រុស្ស៉ី ចំពេលវេលាដែលគ្រប់គ្នាកំពុងពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន។ ភ្លាមៗស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មិនទាន់មានការឆ្លើយតបទេ។

គួរបញ្ជាក់ថា ប៉ូឡូញ បានដាក់កម្រិតប្រកាសអាសន្នខ្ពស់ ចំពោះលទ្ធភាពនៃការវាយប្រហាររាលដាលចូលដែនអាកាសរបស់ខ្លួន ចាប់តាំងពីមីស៉ីលអ៊ុយក្រែន វាយប្រហារភូមិមួយនៅភាគខាងត្បូងប្រទេស ក្នុងឆ្នាំ ២០២២ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់៕