
កោះកុង÷ ពលរដ្ឋមិនពេញចិត្តទូកដឹកទំនិញបង្កកមួយគ្រឿងដឹកចេញពីប្រទេសថៃ-ចូលមកកាន់កម្ពុជា កាលពីម៉ោងប្រមាណជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ ដែលត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ការពាព្រំដែនទឹក មាត់ពាមព្រែកកោះយ៉ បានធ្វើការឃាត់ចាប់ និងពិនិត្យរកសារជាតិគីមីដោយមន្ត្រីកាំកុងត្រូល រួចប្រគល់ឱ្យជំនាញនិងគយអនុវត្តតាមនីតិវិធី ហើយត្រូវបានមហាជនជាច្រើនរិះគន់យ៉ាងខ្លាំង បន្ទាប់ពីគយឲ្យទំនិញទាំងនោះដឹកទៅចែកចាយបន្តជាធម្មតា ក្រោយពីគយឱ្យម្ចាស់បង់ពន្ធរួច ទាំងដែលទំនិញទាំងនោះមិនមានច្បាប់អនុញ្ញាតនាំចេញពីប្រទេសថៃផងនោះ ។
គួរបញ្ជាក់ថា ទូកដែលសមត្ថកិច្ចបានធ្វើការឃាត់ចាប់ ជាប្រភេទទូកកន្ទុយវែង ដែលដឹកគ្រឿងសមុទ្រ មានដូចជា÷ ចាក់ច្រែង កូនក្តាម មឹក ត្រីបង្កក ក្តាមសក។ល។ និងមានមនុស្សពីរនាក់ មួយជាជនជាតិថៃ ម្នាក់ទៀតជាជនជាតិខ្មែរ នៅប្រទេសថៃ។

ជុំវិញការដោះលែងទំនិញឲ្យដឹកចែកចាយជាធម្មតា ក្រោយពីគយបង់ពន្ធរួច ធ្វើឲ្យមហាជនបានឃើញហេតុការណ៍រិះគន់យ៉ាងខ្លាំង ទៅលើវិធានការ មន្ត្រីជំនាញនិងគយ។ ដោយពួកគាត់លើកឡើងថា ទំនិញបង្កកទាំងនេះគួរណាតែដុតកំទេចចោល រីឯក្តាមនិងចាក់ច្រែង យកប្រលែងវាទៅល្អមើលជាងយកទៅបង់ពន្ធរួចឲ្យទៅចែកចាយបែបនេះ គួរតែចូលរួមឈឺចាប់ទាំងអស់គ្នា ពីព្រោះថៃបច្ចុប្បន្នកំពុងធ្វើបាបយើង បែមន្ត្រីជំនាញនិងគយធ្វើដូចអត់ដឹងមានការឈឺចាប់អញ្ចឹង។
ប្រជាពលរដ្ឋខ្លះទៀតបានលើកឡើងជាសំណួរស្ងល់ថា: តាំងពីធ្វើការបិទច្រកមិនឱ្យមាននាំទំនិញចេញពីប្រទេសសៀម ចូលមកកម្ពុជា ស្របតាមថ្នាក់ដឹកនាំបានមានអនុសាសន៍មក ចុះហេតុអ្វីបានជាទំនិញនៅតែមានឃើញនៅលើទីផ្សារបែបនេះ តើទំនិញទាំងនោះចេញមកម៉េចបាន? ហើយចេញមកម៉េចរួច? បើមានកងកម្លាំងគ្រប់ទីកន្លែងទាំងទឹកទាំងគោក? ឬមួយពួកគាត់ដេកលក់ នៅពេលទំនិញចេញពីសៀម-ចូលមកដល់កម្ពុជា ជាក់ស្ដែងដូចជាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ បើកុំបានរលកវាយបំបែកទូក កុំអីមិនដឹងថា មានទូកដឹកទំនិញមកពីសៀមផង ហើយបច្ចុប្បន្នមិនដឹងថាមានទូកដឹកទំនិញមកពីប្រទេសសៀមមានប៉ុន្មានទូកទៀតនោះទេ។

ទាក់ទិននឹងបញ្ហាខាងលើ លោកហ៊ឹម ឡា មន្ត្រីជលផលឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី ២១ ខែសីហា នេះថា លោកបានធ្វើទៅតាមបទបញ្ជារបស់មេខណ្ឌរដ្ឋបាលជលផល និងអ្នកស្រី ឯម សុធារ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយឱ្យវិន័យអន្តរកាលតាម មាត្រា ៩៣ ចំណុចទី ៥ ច្បាប់ស្ដីពីរដ្ឋបាលជលផល ហើយទំនិញទាំងនោះមានចំនួនប្រមាណជា ១០តោនសរុប។
លោកបន្ថែមថា ការបង់វិន័យប៉ុន្មាននោះសួរទៅខេត្តនិងគយដឹងហើយ ពីព្រោះគាត់ឲ្យគយចាំបកស្រាយ។
ចំណែក លោកស្រីឯម សុធារ៉ា ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅមិនទាន់សុំការបំភ្លឺបាននៅឡើយទេ ពីព្រោះខលចូលជាច្រើនដងមិនមានអ្នកលើកទទួល។
ដោយឡែក គយនៅមិនទាន់សុំការបំភ្លឺបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទាក់ទង។

រីឯ ថៅកុងទូម្នាក ជាជនជាតិសៀមដឹកទំនិញចូលមកកម្ពុជា គ្មានលិខិតឆ្លងដែន គ្មានច្បាប់អនុញ្ញាត លោកលឹម សែងចន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងតាមទូរសព្ទថា រឿងនេះសូមបងសួរទៅខេត្តទៅ ពីព្រោះខេត្តជាអ្នកដឹកនាំ។
ចំណែកលោក ឈិត រតនៈ អភិបាលរង ខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងថា រឿងទំនិញទាំងនោះ ខាងខេត្តបានធ្វើលិខិតប្រគល់ឲ្យទៅគយរួចហើយ គយមាននីតិវិធីយ៉ាងម៉េចទៀតទាល់តែសួរទៅគយ ។ ចំពោះជនជាតិថៃម្នាក់លោកនៅមិនទាន់ដឹងច្បាស់ទេ តែបើតាមនីតិវិធី ត្រូវប្រគល់ឲ្យអន្តរប្រវេសន៍សិន ហើយអន្តប្រវេសន៍បញ្ជូនតាមនីតិវិធីបន្ត ៕ ដោយ សេន ពិសិដ្ឋ





































