លោក ជា ធីរិទ្ធ៖ ​វៀតណាមនឹងធ្វើការងារជាមួយប្រធានអាស៊ានប្តូរវេន ដើម្បី​ឃ្លាំមើល និងជំរុញឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងវិលទៅរកប្រក្រតីភាព

(ភ្នំពេញ)៖​ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្នុងឱកាសដែល​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ ភាគីទាំងពីរបានជជែកអំពីយន្តការជំរុញការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យមានប្រសិទ្ធភាព ហើយវៀតណាមនឹងធ្វើការជាមួយប្រធានអាស៊ានប្តូរវេន ដើម្បី​ជំរុញឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។

លោក ជា ធីរិទ្ធ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា មកដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់បំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

លោកបានគូសបញ្ជាក់ថា វៀតណាមចង់ឃើញភាគីទាំងពីរ គឺកម្ពុជា និងថៃ ដោះស្រាយជាមួយគ្នាដោយសន្តិវិធី ​ដើម្បីធ្វើឱ្យស្ថានភាពវិលមករកប្រក្រតីភាពឡើងវិញ។ ទន្ទឹមគ្នានេះ វៀតណាមនឹងខិតខំប្រឹងប្រែងធ្វើការងារនេះជាមួយនឹង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីឃ្លាំមើល ​និងធានាថាបទឈប់បាញ់រវាងកម្ពុជា​បានអនុវត្តមានប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វៀតណាម-កម្ពុជាបានជជែកគ្នា ថាតើមានយន្តការអ្វីខ្លះ ដើម្បីធានាបានថាការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា និងថៃមានប្រសិទ្ធភាព ហើយនៅក្នុងនោះនៅព្រឹក​មិញនេះ ខ្ញុំអាចបង្ហើបបន្តិចថា ឯកឧត្តម ផាម មិញជិញ ដែលជានាយករដ្ឋមន្រ្តីវៀតណាម ក៏បានលើកឡើងចំពោះសម្តេចតេជោថា វៀតណាមនឹងខិតខំប្រឹងប្រែង ធ្វើការងារនេះជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីឃ្លាំមើល ដើម្បីធានាថាបទឈប់បាញ់រវាងកម្ពុជា​បានអនុវត្តមានប្រសិទ្ធភាព ហើយអាចឈានទៅទម្លាយនូវភាពទាល់ច្រក ភាពតានតឹងជាមួយគ្នា​ និងវិលមកប្រក្រតីភាពឡើងវិញ​រវាងប្រទេសទាំងពីរ»

លោក ជា ធីរិទ្ធ​ បន្ថែមថា វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ានផងដែរ ក្នុងការតាមដាន និងជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយវៀតណាម​ចង់ឃើញអាស៊ាន មានសាមគ្គីភាពជាមួយគ្នា​ នៅពេលដែលប្រទេសដែលជាសមាជិកអាស៊ានឈ្លោះគ្នា នោះនឹងធ្វើឱ្យអាស៊ាន ​បាត់បង់ឥទ្ធិពល៕