(មីនស្កិ៍)៖ បេឡារុស បានដោះលែងអ្នកទោសចំនួន ៥២នាក់រួមទាំងបុគ្គលិកសហភាពអឺរ៉ុប ម្នាក់ បន្ទាប់ពីការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមីនស្កិ៍ ដោះដូរគ្នាជាមួយនិងលក្ខខណ្ឌដែលមេដឹកនាំអឺរ៉ុបជាច្រេីនធ្លាប់បានលេីកឡេីង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ ២០២៥។

លោក ត្រាំ ធ្លាប់ជំរុញឱ្យប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដោះលែងអ្នកជាប់ឃុំដែលសហរដ្ឋអាមេរិកហៅថាជាចំណាប់ខ្មាំង។ មន្ត្រីសេតវិមានម្នាក់និយាយថា ជាថ្នូរនឹងការយល់ព្រមរបស់ លោក Lukashenko ទីក្រុងវ៉ាស៉ីនតោននឹងបន្ធូរបន្ថយទណ្ឌកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិបេឡារុស Belavia ដោយអនុញ្ញាតឱ្យវាបម្រើសេវាកម្ម និងទិញគ្រឿងបន្លាស់សម្រាប់យន្តហោះរបស់ខ្លួន ដែលរួមមានយន្តហោះ Boeing ផងដែរ។
លោក ត្រាំ បានបង្កើនការទាក់ទងគ្នារវាងសហរដ្ឋអាមេរិកជាមួយបេឡារុស ដោយបញ្ជូនគណៈប្រតិភូជាច្រើនទៅកាន់ទីក្រុងមីនស្កិ៍ ក្នុងឆ្នាំនេះ។ សម្រាប់បេឡារុស វាគឺជាការដោះលែងក្រុមអ្នកទោសដ៏ធំបំផុត ដោយលោក Lukashenko ដែលត្រូវបានគេស្គាលថាជាមេដឹកនាំផ្តាច់ការ និងកំពុងស្វែងរកការជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីភាពឯកោ និងការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ៕
































