(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី២៩ ខែតុលា យោធាសហរដ្ឋអាមេរិក បានវាយប្រហារលើទូក១គ្រឿងថ្មីទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ដែលត្រូវបានចោទប្រកាន់ថាដឹកគ្រឿងញៀន ហើយបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសពីដំណឹងខាងលើ ហើយបានអះអាងថា ការវាយប្រហារនោះ កើតឡើងនៅលើដែនទឹកអន្តរជាតិ។ លោក Hegseth បាននិយាយថា ទូកមួយគ្រឿងនោះគឺដូចគ្នាទៅនឹងទូកកន្លងៗមក ដែលចារកម្មអាមេរិកស៉ើបដឹងថា មានជាប់ពាក់ព័ន្ធជាមួយសកម្មភាពរត់ពន្ធគ្រឿងញៀន ហើយធ្វើដំណើរឆ្លងកាត់ច្រកផ្លូវ ដែលគេស្គាល់ថា ជាច្រកសម្រាប់ការលួចដឹកជញ្ជូនគ្រឿងញៀន ព្រមទាំងមានដឹកគ្រឿងញៀនផ្ទាល់។
ក្រុមអ្នកជំនាញនិយាយថា ការវាយប្រហារបែបនេះ ដែលចាប់ផ្តើមដំបូងកាលពីដើមខែកញ្ញា គឺស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ បើទោះបីជាពួកគេកំណត់គោលដៅ លើជនរត់ពន្ធគ្រឿងញៀនប្រាកដមែនក៏ដោយ ហើយម៉្យាងវិញទៀតនោះ ទីក្រុងវ៉ាស៉ីនតោន មិនទាន់បញ្ចេញភស្តុតាងជាសាធារណៈ ដែលថាគោលដៅរបស់ខ្លួន គឺពិតជាដឹកជញ្ជូនគ្រឿងញៀន ឬបង្កការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក នៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារថ្មីចុងក្រោយនាថ្ងៃពុធ គឺកើតមានឡើង២ថ្ងៃ ក្រោយការវាយប្រហារលើទូកសរុបចំនួន៤គ្រឿង ដែលបានសម្លាប់មនុស្ស១៤នាក់ នៅភាគខាងកើតប៉ាស៉ីហ្វិក ហើយបន្សល់ទុកអ្នកនៅរស់តែម្នាក់គត់។ សរុបមក តួលេខអ្នកស្លាប់ ដោយសារយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏ចម្រូងចម្រាសនេះរបស់ទីក្រុងវ៉ាស៉ីនតោន បានកើនដល់យ៉ាងហោច៦២នាក់ហើយ៕































