ចំនួនអ្នកស្លាប់កើនដល់៤៤នាក់ ក្រោយបណ្តាប្រទេសដីកោះនៅសមុទ្រ Caribbean រងការវាយប្រហារពីព្យុះហឺរិខិន Melissa

(ឡាហាវ៉ាន់)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា តួលេខអ្នកស្លាប់ដោយសារព្យុះហឺរីខិន Melissa បានបន្តកើនដល់៤៤នាក់ បន្ទាប់ពីវាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសដីកោះ នៃតំបន់សមុទ្រ Caribbean ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីព័ត៌មាននៃប្រទេសហ្សាម៉ាអ៉ីក បានប្រាប់ថា ក្នុងប្រទេសរបស់ខ្លួន តួលេខអ្នកស្លាប់គឺយ៉ាងហោច១៩នាក់ ប៉ុន្តែអាជ្ញាធរកំពុង​បន្តកិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ។ ព្យុះ Melissa ជាដំបូង បានបោកបក់មកដល់ភាគនិរតីប្រទេសហ្សាម៉ាអ៉ីក កាលពីថ្ងៃអង្គារ ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុត។ រីឯប្រទេសហៃទី ដែលមិនត្រូវបានព្យុះ Melissa វាយប្រហារចំផ្ទាល់​ក៏ដោយនោះ បានរាយការណ៍ពីមនុស្សស្លាប់យ៉ាងហោច២៥នាក់។

គួរបញ្ជាក់ថា ព្យុះហឺរីខិន Melissa ក៏បានវាយប្រហារលើភាគខាងកើតប្រទេសគុយបាផងដែរ ជាទីដែលមនុស្សប្រមាណ៧៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាព ប៉ុន្តែមិនទាន់ឃើញមាន សេចក្តីរាយការណ៍ថា មានអ្នកបាត់បង់ជីវិតនៅឡើយទេ។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ព្យុះ Melissa បានថយចុះថាមពលមកនៅកម្រិត Category 1។ បើតាមការវាយតម្លៃជាបឋម ទំហំនៃការបំផ្លិចបំផ្លាញនិងការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយព្យុះហឺរីខិននេះ នៅតំបន់សមុទ្រ Caribbean គឺគិតជាទឹកប្រាក់ចន្លោះ ៤៨-៥២ពាន់លានដុល្លារ៕