(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា បាននិយាយថាក្នុងពេលបច្ចុប្បន្ន រូបលោកមិនពិចារណាលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យ អ៊ុយក្រែនទទួលបានមីស៊ីលរយៈចម្ងាយ Tomahawk សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងរុស្ស៉ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ មិនទាន់អនុម័តលើផែនការសម្រាប់សហរដ្ឋអាមេរិកលក់ Tomahawk ទៅឱ្យបណ្ដាប្រទេសជាសមាជិក NATO ដែលនឹងប្រគល់មីស៊ីលនេះបន្តទៅឱ្យអ៊ុយក្រែន ដោយនិយាយថា លោកមិនចង់បង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការអត្ថាធិប្បាយលើកចុងក្រោយបំផុតខាងលើរបស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One បានបញ្ជាក់ថា រូបលោកនៅតែមានការស្ទាក់ស្ទើរឡើយ។ «ទេ វាមិនពិតទេ»។ នេះជាអ្វីដែលលោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈរូបលោកធ្វើដំណើរចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ Palm Beach រដ្ឋ Florida នៅពេលត្រូវបានសាកសួរថាតើលោកកំពុងពិចារណាលើកិច្ចព្រមព្រៀងលក់មីស៊ីល Tomahawks ដែរឬក៏យ៉ាងណា?
តែទោះជាយ៉ាងណា លោក ត្រាំ បន្ថែមថាលោកអាចប្ដូរចិត្តបានគ្រប់ពេលវេលា។
គួរបញ្ជាក់ថា លោក ត្រាំ និងអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានពិភាក្សាគ្នាអំពីមីស៊ីល Tomahawk នៅពេលដែលមេដឹកនាំទាំង២បានជួបគ្នានៅឯសេតវិមាន កាលពីថ្ងៃទី២២ ខែតុលា។ លោក Rutte កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថាបញ្ហាកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ហើយវាគឺអាស្រ័យលើសហរដ្ឋអាមេរិកជាអ្នកសម្រេចចិត្ត។
មីស៊ីល Tomahawk ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយអាចបាញ់បានចម្ងាយ ២៥០០គីឡូម៉ែត្រ ហើយរយៈចម្ងាយនេះអាចឱ្យអ៊ុយក្រែនវាយប្រហារលើគោលដៅស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដី រុស្ស៉ី ក្នុងនោះរួមមានទាំងទីក្រុងមូស្គូផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំមីស៊ីលនេះពីសហរដ្ឋអាមេរិក ប៉ុន្តែវិមានក្រឹមឡាំងបានព្រមានប្រឆាំងនឹងការផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន៕
































