ភ្នំពេញ ៖ ការត្រួតពិនិត្យច្បាប់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១.០៤៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧៩៦គ្រឿង និងរថយន្ត ២៤៨គ្រឿង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទជាដើម។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ៨លើក ក្នុងនោះស្លាប់ ៥នាក់ របួស ៨នាក់ (របួសធ្ងន់ ៣នាក់)៕
































