(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងតូក្យូបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ បានហោះហើរល្បាតនៅលើសមុទ្រជប៉ុន ជាមួយកងយន្តហោះចម្បាំងជប៉ុន បន្ទាប់ពីចិននិងរុស្ស៉ីបានរួមគ្នាធ្វើសមយុទ្ធយោធានៅលើផ្ទៃអាកាសនិងផ្ទៃទឹក ក្បែរប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជប៉ុននិងសហរដ្ឋអាមេរិក បានរួមគ្នាគូសបញ្ជាក់ពីការប្តេជ្ញាដ៏រឹងមាំ ដើម្បីទប់ស្កាត់ការប៉ុនប៉ងជាឯកតោភាគី ដែលមានគោលដៅចង់កែប្រែស្ថានភាពដើមដោយប្រើប្រាស់កម្លាំង ហើយក៏បានបញ្ជាក់ពីគោលជំហរត្រៀមលក្ខណៈរបស់កងកម្លាំងស្វ័យការពារជប៉ុន និងកងកម្លាំងយោធាសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិជប៉ុន បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 របស់អាមេរិកចំនួន២គ្រឿង បានហោះក្នុងក្បួនល្បាតជាមួយ យន្តហោះចម្បាំងជប៉ុន ៦គ្រឿង កាលពីថ្ងៃពុធសប្តាហ៍នេះ។
ការដំឡើងសាច់ដុំរវាងសម្ព័ន្ធមិត្តទាំងពីរ កើតមានឡើង បន្ទាប់ពីការហោះហើរល្បាតរួមគ្នារវាង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់ចិននិងរុស្ស៉ី នៅសមុទ្រចិនខាងកើត និងភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក កាលពីថ្ងៃអង្គារ ព្រមទាំងការធ្វើសមយុទ្ធនាវាផ្ទុកយន្តហោះចម្បាំងដាច់ដោយឡែក ដែលបានជំរុញឱ្យជប៉ុនចល័តយន្តហោះយោធា ឡើងលើផ្ទៃអាកាស ហើយទីក្រុងតូក្យូបានអះអាងថា ពេលនោះ យន្តហោះចម្បាំងចិន បានតម្រង់រ៉ាដាមកលើយន្តហោះរបស់ខ្លួន។ កាលពីថ្ងៃអង្គារ យោធាកូរ៉េខាងត្បូង បានអះអាងថា ខ្លួនក៏បានចល័តយន្តហោះចម្បាំងឡើងលើផ្ទៃអាកាស ក្រោយយន្តហោះយោធាចិននិងរុស្ស៉ី បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស របស់ប្រទេសកូរ់េខាងត្បូង ផងដែរ។
គួរបញ្ជាក់ថា ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ គឺចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានបង្កឱ្យផ្ទុះជម្លោះការទូតយ៉ាងក្តៅគគុក ជាមួយទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ដោយសារតែការលើកឡើងថា ទីក្រុងតូក្យូអាចនឹងត្រូវឆ្លើយតបដោយយោធា ប្រសិនបើចិនវាយលុកលើកោះតៃវ៉ាន់ ដែលជាដែនកោះ ចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន៕
































