(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារ និងធ្វើឱ្យខូចខាតដល់នាវាមុជទឹកបំពាក់មីស៉ីលរុស្ស៉ីមួយគ្រឿង ដែលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្រខ្មៅ ដោយប្រើប្រាស់ដ្រូនសមុទ្រផលិតក្នុងស្រុកដំបូងរបស់ខ្លួន តែទីក្រុងមូស្គូបដិសេធថា ការវាយប្រហារនោះមិនបានបង្កការខូចខាតអ្វីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ ២០២៥។

ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនសមុទ្រ Sub Sea Baby ត្រូវចំនាវាមុជទឹកនៅកំពង់ផែ Novorossiysk ដែលរុស្ស៉ីបានប្តូរទៅជាមូលដ្ឋាននាវាចម្បាំងជាច្រើនរបស់ខ្លួន ក្នុងសមុទ្រខ្មៅ ដើម្បីគេចពីការវាយប្រហាររបស់អ៊ុយក្រែន។ លោក Alexander Kamyshin ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម X ថា «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលដ្រូនសមុទ្របានបំផ្លាញនាវាមុជទឹករុស្ស៉ី»។
ប៉ុន្មានម៉ោងក្រោយមក កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៉ី បានចេញមកបដិសេធនូវការលើកឡើងនេះទាំងស្រុង។ តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៉ី ដោយដកស្រង់សម្តីរបស់កងនាវាចរសមុទ្រខ្មៅ «គ្មានកប៉ាល់ ឬនាវាមុជទឹកណាមួយរបស់កងនាវាចរសមុទ្រខ្មៅ ដែលឈរជើងក្នុងឈូងសមុទ្រនៃមូលដ្ឋានទ័ពជើងទឹក Novorossiysk ឬក្រុមនាវិករបស់ពួកគេ រងការខូចខាតនោះទេ ហើយពួកគេកំពុងបំពេញកាតព្វកិច្ចដូចធម្មតា»។
គួរបញ្ជាក់ថា អ៊ុយក្រែន ដែលស្ទើរតែគ្មានកងនាវាចម្បាំងនៅសេសសល់ បានប្រើប្រាស់ដ្រូន និងមីស៉ីលសមុទ្រ ដើម្បីវាយប្រហារកងនាវាចរសមុទ្រខ្មៅដ៏ធំរបស់រុស្ស៉ី និងធ្លាប់បណ្តេញចេញពីទីតាំងរបស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែ Sevastopol នៃតំបន់គ្រីមៀ។
នាវាដែលអ៊ុយក្រែនអះអាងនេះ គឺនាវាមុជទឹកប្រើម៉ាស៊ូត-អគ្គិសនី ហើយស្ថិតក្នុងចំណោមនាវាច្រើនគ្រឿងផ្សេងទៀត ដែលរុស្ស៊ីផ្លាស់ទីចេញពីតំបន់គ្រីមៀ ទៅកាន់ទីក្រុង Novorossiysk នៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី។ វាមានសមត្ថភាពផ្ទុកមីស៉ីលប្រភេទ Kalibr យ៉ាងហោចណាស់ ៤គ្រាប់ ដែលជាកម្លាំងជំរុញការវាយប្រហារធំៗរបស់រុស្ស៉ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្កការខូចខាតធ្ងន់ធ្ងរដល់បណ្តាញអគ្គិសនីអ៊ុយក្រែន៕































