តៃវ៉ាន់រាយការណ៍ថានាវាផ្ទុកយន្ដហោះចម្បាំងចិន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំងថ្មី និងទំនើបបំផុតរបស់ចិន Fujian បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារម្សិលមិញ ហើយនេះជា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏រសើបមួយនេះដំបូងបំផុត ចាប់តាំងពីត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការកាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធ ទី១៧ ខែធ្នូ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងចិន Fujian បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារ ក្រោមការឃ្លាំមើលរបស់កងកម្លាំងតៃវ៉ាន់។ ក្រសួងក៏បានបង្ហាញពីរូបភាពសខ្មៅនៃនាវា Fujian ដែលមិនមានផ្ទុកយន្ដហោះចម្បាំងនោះទេ តែមិនបានបង្ហើបឱ្យដឹងថាតើរូបភាពនេះត្រូវបានថតនៅកន្លែងណា ឬផ្ដល់ព័ត៌មានលម្អិតអ្វីឡើយ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា នាវាផ្ទុកយន្ដហោះចម្បាំងចិនក៏ធ្លាប់បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងផងដែរ អំឡុងការធ្វើសមយុទ្ធ។ Fujian គឺជានាវាផ្ទុកយន្ដហោះចម្បាំងទី៣ និងដំបូងបំផុតរបស់ចិនដែលមានបំពាក់ប្រព័ន្ធ electromagnetic catapults ដែលអាចឱ្យយន្ដហោះហោះចេញពីនាវាក្នុងល្បឿងយ៉ាងលឿន៕