ចិនថាមិនអាចទទួលយកប្រទេសណាមួយ ដែលដើរតួជាប៉ូលិសឬចៅក្រមរបស់ពិភពលោក ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង មិនអាចទទួលយកបានឡើយ ចំពោះការដែល​ប្រទេសណាមួយ ដើរតួនាទីជា ប៉ូលិសឬចៅក្រមរបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦។

«យើងមិនដែលជឿថា ប្រទេសណាមួយអាចដើរតួនាទីជា ប៉ូលិសរបស់ពិភពលោក ហើយយើងក៏មិនអាចទទួលយកដែរ ចំពោះការដែលប្រទេសណាមួយ អាចអះអាងតាំងខ្លួនជា ចៅក្រមរបស់ពិភពលោក» លោក Wang បានថ្លែងយ៉ាងដូច្នេះប្រាប់ទៅកាន់ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar អំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដោយលោក Wang សំដៅដល់ស្ថានការណ៍វិវត្តន៍ភ្លាមៗក្នុងប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែមិនបានលើកឡើងឈ្មោះសហរដ្ឋអាមេរិកចំៗនោះទេ។ ប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា «អធិបតេយ្យនិងសន្តិសុខរបស់ប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាងពេញលេញ នៅក្រោមច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានក្រុមទាហានពិសេសអាមេរិកចាប់ខ្លួន នៅទីក្រុងការ៉ាកាស អំឡុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំតាមផ្លូវអាកាស ដែលបានប្រព្រឹត្តទៅរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ទី៣ ខែមករា។ លោក ម៉ាឌូរ៉ូ បច្ចុប្បន្ន កំពុងស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារមួយកន្លែង ក្នុងទីក្រុងញូវយ៉ក រង់ចាំបង្ហាញខ្លួននៅតុលាការនាថ្ងៃចន្ទនេះ ដើម្បីរងការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន៕