ខេត្តបន្ទាយមានជ័យ ៖ គិតចាប់ថ្ងៃទី១៩ ដល់២៨ ខែកក្កដា ឆ្នាំ២០២០ មានអ្នកជំងឺគ្រុនឈីក (Chikunngunya) ចំនួន ១០៦នាក់ ក្នុងនោះស្ត្រីចំនួន ៦១នាក់ និងកុមារចំនួន ៤០នាក់ បានមកព្យាបាលនៅមន្ទីពេទ្យក្រុងប៉ោយប៉ែត ហើយបច្ចុប្បន្ន នៅសល់អ្នកកំពុងបន្តព្យាបាលមានចំនួន ៤១នាក់ ក្នុងនោះស្ត្រីចំនួន ២៣នាក់ និងកុមារី ៣នាក់។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា អាការៈអ្នកមានជំងឺគ្រុនឈីកមានរោគសញ្ញាដូចជា កំដៅ ៣៨អង្សាឡើង និងមានចេញជាកន្ទួលរមាស់លើស្បែក ឈឺសន្លាក់ដៃ ជើង។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោយមានផ្ទុះជំងឺគ្រុនឈីក នៅតំបន់ប៉ោយប៉ែត ក្រសួងសុខាភិបាល បានណែនាំឲ្យយកចិត្តទុកដាក់ ដោយចុះបាញ់ថ្នាំកម្ចាត់មូសខ្លានៅទូទាំងក្រុងប៉ោយប៉ែត និងចែកថ្នាំអាប៊ែត តាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដាក់តាមពាង ឬអាង ដើម្បីកម្ចាត់មូសខ្លា និងចៃទឹក ដែលជាប្រភពបង្កើតមូសខ្លាខាំបង្កជាជំងឺគ្រុនឈីក ។
គួរជម្រាបថា ជំងឺគ្រុនឈីក (Chikunngunya) បានផ្ទុះឡើងម្តងទៀតនៅកម្ពុជា កាលពីឆ្នាំ២០១១។ជំងឺប្រភេទនេះ អាចឆ្លងតាមរយៈមូសខ្លាញីខាំ ពីមនុស្សមម្នាក់ ទៅមនុស្សជាច្រើនអ្នកទៀត បើសិនជាយើងមិនបានការពារ ដូចជាចងមុងនៅពេលដេក ហើយត្រូវកម្ចាត់ជម្រកមូសខ្លាញី ដោយបាញ់ថ្នាំសម្លាប់ម៉ូសខ្លាជាបនតបន្ទាប់៕
































