សហរដ្ឋអាមេរិកប្រាប់អ៊ុយក្រែនត្រូវតែចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ដើម្បីទទួលបានការធានាសន្តិសុខ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រាប់អ៊ុយក្រែនថាត្រូវតែចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ដើម្បីជាថ្នូរទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃអង្គារ ទី២៧ ខែមករា ដោយផ្អែកលើប្រភពដែលបានដឹងពីកិច្ចពិភាក្សាផ្ទៃក្នុង។ ការធានាសន្តិសុខពីសហរដ្ឋអាមេរិកត្រូវបានអ៊ុយក្រែនចាត់ទុកថា ជាលក្ខខណ្ឌដ៏សំខាន់មួយដើម្បីឈានទៅដល់ការផ្សះផ្សារបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជិត៤ឆ្នាំមនេះរបស់រុស្ស៉ី។ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានជួយសម្របសម្រួលឱ្យមានកិច្ចចរចា រវាងក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុង Abu Dhabi ជាទីដែលក្រុមមន្ត្រីអាមេរិកអះអាងថាកិច្ចពិភាក្សាសម្រេចបានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗ។

ដោយឡែក សារព័ត៌មាន Financial Times ក៏បានឱ្យដឹងដែរថារដ្ឋបាលលោក ដូណាល់ ត្រាំ បានឱ្យសញ្ញាទៅកាន់អ៊ុយក្រែនថាការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺអាស្រ័យលើទីក្រុងកៀវ យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីឬក៏អត់? ដែលនេះទំនងជានឹងតម្រូវឱ្យអ៊ុយក្រែនកាត់ Donbas ទៅឱ្យរុស្ស៉ី។ ប៉ុន្តែប្រភពដែលបានប្រាប់ Reuters បាននិយាយថាសហរដ្ឋអាមេរិកមិនបានប្រាប់អ៊ុយក្រែនពីអ្វីដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះទេ ដូច្នេះវាជាការយល់ច្រឡំដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំឱ្យអ៊ុយក្រែនកាត់ទឹកដីដើម្បីដូរយកសន្តិភាពជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែនត្រូវបានរំពឹងថានឹងជួបគ្នាសាជាថ្មីក្នុងទីក្រុង Abu Dhabi នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយទំនងជាអាចនឹងមានការចូលរួមផងដែរពីក្រុមមន្ត្រីអាមេរិក ដូចជាបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសារប្រុសរបស់លោក ត្រាំ។ លោក ហ្សេលេនសី្គកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានបង្ហើប ឱ្យដឹងថាឯកសារមួយរបស់សហរដ្ឋអាមេរិកស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានរួចរាល់១០០ភាគរយ ហើយទីក្រុងកៀវកំពុងរង់ចាំការកំណត់ថ្ងៃ និងទីតាំងត្រូវចុះហត្ថលេខា៕