អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព លោក ត្រាំ ប្រកាសពីការប្តេជ្ញាចិត្តជាអន្តរជាតិ លើការងារកសាងតំបន់ហ្កាហ្សាឡើងវិញ 

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព Board of Peace (BoP) ថាប្រទេសនានាបានបរិច្ចាគថវិកាចំនួន ៧ពាន់លានដុល្លារដល់មូលនិធិកសាងហ្កាហ្សា ដែលនឹងអភិវឌ្ឍតំបន់នេះឡើងវិញពេលដែលក្រុមហាម៉ាសរំសាយអាវុធ។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦។

តាមការប៉ាន់ប្រមាណសម្រាប់ការកសាងហ្កាហ្សា ដែលស្ទេីរតែក្លាយទៅជាកម្ទេចថ្មក្រោយសង្គ្រាមពីរឆ្នាំ គឺមានរហូតដល់ ៧០ពាន់លានដុល្លារ។ លោក ត្រាំ បានឱ្យដឹងថា ប្រទេសដែលបានរួមវិភាគទាន ៧ពាន់លានដុល្លារនេះមានដូចជា កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត។ លោកបានបង្ហេីបថា សមាគមបាល់ទាត់ពិភពលោក FIFA នឹងរៃអង្គាសថវិកាចំនួន ៧៥លានដុល្លារពីគម្រោងទាក់ទងនឹងបាល់ទាត់ នៅក្នុងតំបន់ហ្កាហ្សា ហើយអង្គការសហប្រជាជាតិ (UN) នឹងផ្តល់ថវិកាចំនួន ២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា ការរំសាយអាវុធក្រុមហាម៉ាស អមជាមួយការដកកងទ័ពអ៉ីស្រាអែល ទំហំនៃមូលនិធិកសាងឡើងវិញ និងលំហូរនៃជំនួយមនុស្សធម៌ដល់ប្រជាជនហ្កាហ្សាដែលរងគ្រោះដោយសង្គ្រាម គឺជាសំណួរចម្បង ដែលទំនងជានឹងធ្វេីតេស្តប្រសិទ្ធភាពនៃ BoP នៅប៉ុន្មានខែទៅមុខ។ ម្យ៉ាងវិញទៀតក្រុមប្រឹក្សានេះ មានតែអ៉ីស្រាអែល ហេីយគ្មានអ្នកតំណាងប៉ាឡេស្ទីននោះទេ៕