
កោះកុង÷ ដីព្រៃលិចទឹកនិងដីចំណីព្រែកមួយកន្លែងស្ថិតក្នុងភូមិសាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ត្រូវបានគេឃើញអ្នកមានលុយ និងមានអំណាចមួយរូប ការយកដីភ្នំមកចាក់លុបដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីឃើញអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព ក្រុមអាត្រាក់ទាំងនោះក៏បាននាំគ្នា ខ្លះបើកម៉ូតូ ខ្លះបើកអាត្រាក់ឡើងលើរថយន្ត បើករត់ចេញយ៉ាងប្រញាប់ប្រញាល់ មិនដឹងថា ការដឹកដីចាក់លុបចំណីព្រែកមួយនេះ មានច្បាប់ឬអត់ច្បាប់យ៉ាងណានោះទេ បើទោះជាមានការចុះហាមឃាត់ពីអាជ្ញាធរម្ដងពីរដងរួចមកហើយក្តី។
ពលរដ្ឋជាច្រើនបានលើកឡើងថា ដីចំណីព្រែក និងដីព្រៃកោងកាងព្រៃលិចទឹក តាមបណ្ដោយមាត់ព្រែកមិនត្រូវមានអ្នកណាម្នាក់កាប់បំផ្លាញឬយកអាចម៍ដីមកចាក់លុបនោះឡើយ ពីព្រោះថា តំបន់ទាំងនោះសុទ្ធជាតំបន់ជម្រកមច្ឆាគ្រប់ប្រភេទបន្តពូជពងកូន។ ម្យ៉ាងទៀតច្បាប់ក៏បានកំណត់ទុកជាស្រេចផងដែរ ចំពោះចំណីអូ ចំណីស្ទឹង ចំណីបឹង ចំណីព្រែក និងចំណីសមុទ្រ ដោយបានកំណត់ត្រឹមត្រូវ ចៀសវាងតំបន់មួយចំនួនដែលជាតំបន់អភិវឌ្ឍន៍សម្រាប់សាធារណៈរបស់រដ្ឋ ចុះហេតុអីបានជានៅតាមបណ្ដោយព្រែកមួយចំនួនត្រូវបានគេកាត់បំផ្លាញព្រៃកោងកាង និងដឹកអាចម៍ដីចាក់លុបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានបែបនេះទៅវិញ។

ជាក់ស្ដែងដូចជាទីតាំងចាក់ដី…នេះតែម្ដង ពីព្រោះថាកន្លងទៅអាជ្ញាធរសង្កាត់ក្រុងធ្លាប់ចុះធ្វើការហាមឃាត់ម្ដងរួចមកហើយ ក៏ប៉ុន្តែទីតាំងនេះនៅតែមានការលួចដឹកអាចម៍ដីមកចាក់លុបដោយមិនញញើតនិងផ្លូវច្បាប់បន្តិចសោះ។
ពលរដ្ឋខ្លះទៀតក៏បានលើកជាសំណួរសួរថា÷ ហេតុអីបានជាព្រែកនិងព្រៃកោងកាងនៅតាមបណ្ដោយព្រែកមួយចំនួនមានការកាប់បំផ្លាញ និងចាក់អាចដីលុបយកបាន? តើពលរដ្ឋទន់ខ្សោយធ្វើដូចនេះបានដែរឬទេ?ពីព្រោះអ្វី?។ ប្រភពដដែលលើកឡើងថា កន្លងទៅក៏ធ្លាប់បានឃើញថ្នាក់ដឹកនាំខេត្ត លោកជំទាវ មិថុនា ភូថង អតីតអភិបាលខេត្តកោះកុង តែងតែធ្វើពិធីដាំកូនកោងកាងជាញឹកញាប់ផងដែរ ប៉ុន្តែហេតុអ្វីកោងកាងដែលមានអាយុរាប់សិបឆ្នាំមក ត្រូវបានគេកាប់បំផ្លាញ និងចាក់និងចាក់អាចម៍ដីលុបយកធ្វើជាកម្មសិទ្ធិបានទៅវិញ។

ទាក់ទិនការចាក់អាចដីចូលលើចំណីព្រែកខាងលើនេះ អ្នកស្រី ផឹង ពិសី ចៅស្មាច់មានជ័យ និងចៅសង្កាត់រងស្មាច់មានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង នៅរសៀលថ្ងៃទី៦ ខែមិនា ២០២៦ នេះថា÷ ចំពោះទីតាំងរបស់លោកធុន កែវមុន្នី ធ្វើសកម្មភាពចាក់ដីខាងលើនេះ មិនទាន់មានច្បាប់នោះទេ ហើយកន្លងទៅ ក្រុមការងារដឹកនាំដោយអាជ្ញាធរក្រុង ចូលរួមមានភូមិបាលក្រុង អាជ្ញាធរភូមិ បានចុះឱ្យម្ចាស់ទីតាំងខាងលើផ្អាកសកម្មភាពម្ដងរួចមកហើយ ដោយឱ្យម្ចាស់ទីតាំងសុំច្បាប់ជាមុន។

លោកបានបន្ថែមថា ក្រោយមកនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ ទទួលបានព័ត៌មានថា ទីតាំងខាងលើបានធ្វើ សកម្មភាពឈូសឆាយចាក់ដីបន្តដោយមិនទាន់មានច្បាប់អនុញ្ញាត លោកក៏បានចុះទៅជាមួយក្រុមការងាររួមមានជំនាញភូមិបាលក្រុង និងក្រុមការងារក្រុង និងអាជ្ញាធរភូមិ បានចុះទៅទីតាំងខាងលើម្ដងទៀត តែមិនបានជួបម្ចាស់ទីតាំងខាងលើកំពុងធ្វើសកម្មភាពនោះទេ តែលោកក៏បានហៅឲ្យម្ចាស់ទីតាំងយកឯកសារផ្លង់មកផ្ទៀងផ្ទាត់ ថាតើប្លង់របស់គាត់មានប្រវែងប៉ុន្មានត្រឹមណា។
ចុងក្រោយលោកចៅសង្កាត់រងបានបញ្ជាក់ថា បើប្រសិនជាម្ចាស់ទីតាំងធ្វើការចាក់ដីនៅក្នុងប្លង់ត្រឹមត្រូវ ក៏ត្រូវតែសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីនោះដែរ៕ ដោយ សេន ពិសិដ្ឋ

































