គោយន្តកន្ត្រៃចំនួន ១ គ្រឿង ម៉ាស៊ីនកាត់ឈើចំនួន ១ គ្រឿង និងឈើមូលស្រស់ចំនួនជាង ១៥០ កំណត់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបបាន នៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

នៅវេលាម៉ោង ៣ និង​១៥​ នាទី ទៀបភ្លឺថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងអន្ន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសន្ទុក ខេត្តកំពង់ធំ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដើម្បីទៅធ្វើសកម្មភាពបង្ក្រាបការកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាបន្ទាន់ នៅតំបន់ព្រៃអង់តែនក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក​ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង ប្រធានក្រុមកងកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសព្រៃឈើនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកបានដឹកនាំបញ្ជាកងកម្លាំងដើម្បីរុករក និងស្ទាក់ចាប់ការកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើនេះជាបន្ទាន់ ។ ក្នុងពេលសកម្មភាពរុករកបទល្មើសនេះ កងកម្លាំងអន្តរាគមន៍បានជួបប្រទះគោយន្តកន្ត្រៃចំនួនមួយគ្រឿង កំពុងដឹកផលអនុផលព្រៃឈើខុសច្បាប់ ហើយត្រូវកងកម្លាំងយើងស្ទាក់ចាប់បាននៅនឹងកន្លែង នៅចំណុចអូរអន្ទ្រក នៅ​វេលា​ម៉ោង​ ៣,៤៥​ នាទី​ទៀបភ្លឺ​ថ្ងៃទី​២២​ខែ​តុលា​ឆ្នាំ​២០២៦​​ ។​ ដោយ​ក្នុងឱកាស នៅ​ពេលយប់ងងឹតនេះ ម្ចាស់គោយន្តកន្ត្រៃបានរត់េគេចខ្លួនបាត់ស្រមោល ដោយ​បន្សល់ទុកគោយន្តកន្ត្រៃយ៍និងឈើមូលនៅនឹងកន្លែង ប្រមាណជាង ៤០ កំណត់ ។ ហើយនៅក្នុងឱកាសនេះ  ក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើនៅបីកន្លែងផ្សេងទៀត នៅតំបន់ជាមួយគ្នា បានដឹងពីសភាពការណ៍នេះ ពួកគេបានកាត់ទម្លាក់ឈើចោល ហើយបើកគោយន្កន្ត្រៃរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅម៉ាស៊ីនកាត់ឈើមួយគ្រឿង និងឈើមូលស្រស់ប្រមាណជាង ១១០ កំណត់ នៅនឹងកន្លែង ។

នៅក្នុងឱកាសត្រួតពិនិត្យនៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់ស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ និងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនដែលបានកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។