ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយដែលគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រីនគរបាលបានមកផឹកស៊ីនៅក្នុងហាងវិមានព្រិលក្នុងសង្កាត់ទួលទំពូង ហើយខណៈស្រវឹងស្រឿងៗ ក៏លួងលោមសុំស្នេហ៍ពីស្ត្រីម្ចាស់ហាងតែមិនបានក៏ឈានទៅដល់ដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ី យីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចរួមទាំងសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ” វិមានព្រិល ” ស្ថិតតាមអាសយដ្ឋានខាងលើ ខណៈស្រវឹងស្រឿងៗ បុរសម្នាក់នោះបានសុំស្នេហ៍ពីម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម ដើម្បីការពារសិទ្ធិ និងកិត្តិយសរបស់ខ្លួនដែលជាហេតុធ្វើឱ្យបុរសម្នាក់នោះមានភាពអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង ហើយក៏ ផ្ទុះហិង្សាជាមួយម្ចាស់ហាងមួយប្រ៉ាវរួចក៏បើករថយន្តចេញបាត់ទៅ។
ប៉ុន្តែមួយសន្ទុះក្រោយមកក៏ស្រាប់តែគេឃើញបុរសផ្កាយមួយរូបនោះបើករថយន្តមកហាងផឹកស៊ី ” វិមានព្រិល ” វិញ ហើយក៏បានដកកាំភ្លើងគំរាមបាញ់ ត្រូវបានម្ចាស់ហាង រាយការណ៍ទៅកងកម្លាំងនគរបាល និងអាវុធហត្ថចំការមន ឱ្យជួយធ្វើអន្តរាគមន៍។ ភ្លាមៗនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុតែជនបង្កបានឡើងរថយន្តបើកគេចចេញ ហើយក៏ត្រូវបានសមត្ថកិច្ចដេញតាមពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ ដែលជាខ្មាន់កាំភ្លើងនោះបាន ហើយក៏បាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
បន្ទាប់មកសមត្ថកិច្ចក៏បានបង្ហាញអត្តសញ្ញាណជនបង្កនោះឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី (អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាធារណជនបង្ហាញការភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំងចំពោះឧត្តមសេនីយវ័យក្មេង មានឋានៈខ្ពង់ខ្ពស់តែអសីលធម៌នាំឲ្យប៉ះពាល់ដល់ស្ថាប័នកងកម្លាំងនគរបាលជាតិ។ ទន្ទឹមនោះគេក៏បានលើកជាចម្ងល់ដែលថា វ័យក្មេងសោះពាក់ដល់ផ្កាយមួយ ហើយតួនាទីជាអនុប្រធាននាយកដ្ឋានថែមទៀត តើអាចមានអ្វីនៅពីក្រោយការតម្លើងបុណ្យសក្កិនិងឋានៈដ៏ខ្ពង់ខ្ពស់នោះដែរទេ? ៕
































