
កោះកុង÷ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកម្លាំងជម្រុះ ចុះពិនិត្យបង្រ្កាបទីតាំងសង្ស័យមួយកន្លែង អស់រយៈពេល២ថ្ងៃ នៅចំណុច ផ្ទះលេខ 90 ក្រុមទី ៤ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទឃាត់ខ្លួនជនបរទេស ប្រុសស្រី ប្រមាណជាង ១០ នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦។
ការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៨ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ករណីនេះបើទោះបីមានការឃាត់ខ្លួនជនបរទេសខាងលើ អ្នកសារព័ត៌មានជាច្រើននាក់សាកសួរព័ត៌មានលម្អិតយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច និងលោក ហាក់ ឡេងអភិបាលរងខេត្ត មិនបានបញ្ជាក់ឱ្យដឹងនោះឡើយ។
ដោយឡែក លោក ឈិន រតនៈអភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្ត អ្នកសារព័ត៌មានយើងសុំព័ត៌មានលម្អិតនិងការបំភ្លឺ មិនបានទេ តាមរយៈតេឡេក្រាម គ្រុប អ្នកនាំពាក្យខេត្តកោះកុង។

ពាក់ព័ន្ធករណីបង្ក្រាបជនបរទេសខាងលើ បានធ្វើឲ្យពលរដ្ឋមានការងើយឆ្ងល់យ៉ាងខ្លាំង ដោយលើកឡើងថា ឃើញការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច នៅលើទីតាំងនីមួយៗ ហាក់បីដូចជាមានការបិទបាំងមានព័ត៌មាន មិនដឹងថាជនបរទេសទាំងនោះមានបទល្មើសអ្វីនោះឡើយ។
សូមបញ្ជាក់ថា ក្នុងការបង្រ្កាបជនបរទេសខុសច្បាប់ ជាច្រើនកន្លែងក្នុងខេត្តកោះកុង ប៉ុន្តែមិនត្រូវបានអាជ្ញាធរខេត្ត ឬ សមត្ថកិច្ចខេត្តណាម្នាក់ហ៊ានបញ្ចេញព័ត៌មានជាផ្លូវការសាធារណ:នោះឡើយ៕ដោយ សេន ពិសិដ្ឋ



































