
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តប្រតិបត្តិការ បង្ក្រាបសិប្បកម្មកែឆ្នៃឈើខុសច្បាប់ជាច្រើនកន្លែង ដែលកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណ និងពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនឈើអត់ច្បាប់។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ចាន់ ខន្ទី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត ដោយមានការចូលរួមពីមន្រ្តីបរិស្ថាន រដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដូចជា មេភូមិ និងមេឃុំ។

ក្នុងនោះ ការចុះអនុវត្តត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលផ្នែកច្បាប់ពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង និងអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីធានាថាការបង្ក្រាបអនុវត្តទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរឹង និងត្រឹមត្រូវ។
ទីតាំងប្រតិបត្តិការ និងលទ្ធផល
ប្រតិបត្តិការនេះបានអនុវត្តនៅក្នុងភូមិចំនួន២ គឺ៖ ភូមិ បង្គោល៨ និង ភូមិ ចារ
មានទីតាំង ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរបានរកឃើញសិប្បកម្មកែឆ្នៃឈើខុសច្បាប់ជាច្រើនទីតាំង ដែលកំពុងដំណើរការយ៉ាងលាក់លៀម។ ក្នុងនោះក៏បានប្រទះឃើញគំនឈើ និងឈើកែច្នៃជាច្រើន ខណៈមេឈ្មួញមួយចំនួនកំពុងរៀបចំដឹកជញ្ជូនឈើដោយគ្មានឯកសារត្រឹមត្រូវ។
ជាលទ្ធផល កម្លាំងចម្រុះបាន៖
បិទទីតាំងសិប្បកម្មខុសច្បាប់ជាច្រើនកន្លែងនេះ កំពុងត្រូវបានដកហូតឈើកែច្នៃ និងគំនឈើរឹបអូសឧបករណ៍ និងម៉ាស៊ីនប្រើប្រាស់ក្នុងសិប្បកម្ម វត្ថុតាងទាំងនេះត្រូវបានប្រគល់ឲ្យមន្រ្តីជំនាញ នៃស្ថាប័នបរិស្ថាន និង រដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុក និងបន្តនីតិវិធីតាមច្បាប់។

លោក សួន ពិសិត ដែលជាអ្នកឃ្លមើលហេតុការណ៍ បានមានប្រសាសន៍ឲ្យដឹងថា៖ ការអនុវត្តច្បាប់យ៉ាងតឹងរឹង
អាជ្ញាធរបានបញ្ជាក់ថា សកម្មភាពកែឆ្នៃ និងដឹកជញ្ជូនឈើដោយគ្មានអាជ្ញាប័ណ្ណ គឺជាបទល្មើសធ្ងន់ធ្ងរ ដែលផ្ទុយនឹងច្បាប់ព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកដែលពាក់ព័ន្ធអាចប្រឈមនឹង៖
ការផាកពិន័យជាប្រាក់ ការដកហូតវត្ថុតាង និងឧបករណ៍ ទណ្ឌកម្មពន្ធនាគារ អាស្រ័យលើកម្រិតបទល្មើស ជាមួយគ្នានេះ ការកាប់បំផ្លាញព្រៃឈើ និងសកម្មភាពពាក់ព័ន្ធ ក៏បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវចម្រុះ ដែលអាចនាំឲ្យមានវិធានការផ្លូវច្បាប់បន្ថែម។
លោក សួន ពិសិត បានមានប្រសាសន៍បន្តថា៖ សារៈសំខាន់នៃការពារព្រៃឈើ
ការបង្ក្រាបនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង ការពារព្រៃឈើ ដែលជាសម្បត្តិជាតិដ៏មានតម្លៃ។ ព្រៃឈើមិនត្រឹមតែជាប្រភពធនធានសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាធាតុសំខាន់ក្នុងការរក្សាសមតុល្យអាកាសធាតុ និងជីវចម្រុះផងដែរ។

នៅក្នុងការចុះបង្ក្រាបនិង និងបិទសិប្បកម្មឈើខុសច្បាប់នេះដែរ ក្រុមការងារ សូមធ្វើការអំពាវនាវដល់សាធារណជន ជាពិសេស អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ៖
បញ្ឈប់សកម្មភាពកែឆ្នៃឈើខុសច្បាប់
គោរពច្បាប់ពាក់ព័ន្ធនឹងធនធានព្រៃឈើ
រាយការណ៍ទៅអាជ្ញាធរ នៅពេលឃើញសកម្មភាពសង្ស័យ។
ក្រុមការងារទាំងអស់បានសង្កត់ធ្ងន់ថា៖ការពារព្រៃឈើ គឺជាការពារអនាគតជាតិ និងជួយរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ សួន ពិសិត






































