(កៀវ)៖ រុស្ស៊ីនិងអ៊ុយក្រែន បានដោះដូរអ្នកទោសជុំថ្មីទៀត ដោយម្ខាងចំនួន២៧០នាក់ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយបេសកជនចរចារបស់អាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា ក្នុងចំណោមអ្នកដែលអ៊ុយក្រែននាំត្រឡប់មកវិញ មានជនស៊ីវិលចំនួន៩នាក់។ លោកបានបន្ថែមថា ទាហានភាគច្រើនត្រូវបានឃុំខ្លួន តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «យើងនៅតែចងចាំពួកគេម្នាក់ៗ ហើយកំពុងបន្តស្វែងរកមនុស្សគ្រប់គ្នា»។ លោកបានបន្ថែមថា ក្នុងចំណោម អ្នកដែលត្រូវបានដោះលែងនិងវិលត្រឡប់មកវិញ មានមនុស្ស ៥នាក់ដែលបានរួចជីវិតពីការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុង Olenivka កាលពីខែកក្កដា ឆ្នាំ២០២២។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម តាមរយៈការវាយប្រហារលើទីតាំងនៅ Olenivka ដែលបានសម្លាប់ឈ្លើយសឹករាប់សិបនាក់។ ចំណែករុស្ស៊ីបាននិយាយថា អ៊ុយក្រែនវិញទេ ដែលជាអ្នកបាញ់ប្រហារលើជំរំឃុំឃាំងនោះ។
លោកស្រី Yana Lantratova ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានប្រគល់ជនស៊ីវិលរុស្ស៊ីចំនួន៧នាក់ត្រឡប់មកវិញ ដែលពេលនេះអាចត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេវិញបាន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅលើ Telegram ថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែង កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ហើយនឹងត្រូវបញ្ជូនមកប្រទេសរុស្ស៊ី បន្ទាប់ពីទទួលបានការថែទាំផ្លូវចិត្ត និងសុខភាព។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៉ីនិងអ៊ុយក្រែន បានផ្ទុះឡើងមក មានឈ្លើយសឹករាប់ពាន់នាក់ត្រូវបានដោះដូរគ្នា។ ការដោះដូរនេះ ស្ថិតក្នុងចំណោមផ្នែកមួយចំនួនតូច ដែលទីក្រុងមូស្គូនិងទីក្រុងកៀវ នៅតែរក្សាទំនាក់ទំនងជាបន្តបន្ទាប់ ទោះបីជាជម្លោះនៅតែបន្តក៏ដោយ។ការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហា នៅពេលអ៊ុយក្រែនទទួលបានពលរដ្ឋរបស់ខ្លួនចំនួន ១០៣នាក់ត្រឡប់ពីការឃុំឃាំងរបស់រុស្ស៊ី ហើយមនុស្ស១០នាក់ផ្សេងទៀត ក៏ត្រូវបាននាំត្រឡប់មកវិញផងដែរ នៅចុងខែដដែលនោះ៕






























