
(ខេត្តកំពង់ធំ ) ៖ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការបោះឆ្នោតស្ទាបស្ទង់គឺដើម្បីជ្រើសរើសបេក្ខជនដែលមាន សក្តានុពល សមត្ថភាព ប្រជាប្រិយភាព។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមបន្ថែមថា ការរៀបចំការបោះឆ្នោតផ្ទៃក្នុង និងការធ្វើការស្ទាបស្ទង់មតិដោយសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពដែលមានបំណងឈរឈ្មោះបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយចេញពីក្រុមការងារនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ស្របតាមគោលការណ៍ ណែនាំរបស់គណបក្ស ប្រកបដោយតម្លាភាពនិងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។
ឯកឧត្តមសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះ នឹងទទួលបាននូវបេក្ខជនដែលមានសមត្ថភាពមានប្រជាប្រិយភាព មានស្វាមីភ័ក្រ្ត និងលះបង់ទាំងកម្លាំង កាយ ចិត្ត បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ជាបេក្ខជនដែលនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសជួយអភិវឌ្ឍន៍មូលដ្ឋាននិងរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែ រីកចម្រើនឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានកោតសរសើរខ្ពស់ដល់ឥរិយាបទនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ ជាពិសេសអ្នកនៅអមសងខាងផ្លូវបេតុងថ្មី ដែលសាងសង់គេហដ្ឋាននិងរបងផ្ទះប្រកបដោយបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ខ្ពស់។
លើសពីនេះទៀតឯកឧត្តមប្រធានក្រុមការងារបានជំរុញដល់ពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវទៅពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតនិងធ្វើជីវមាត្របានគ្រប់ៗគ្នានៅក្នុងឱកាសដែលក្រុមការងារកំពុងតែដំណើរការ ដើម្បីប្រាកដថាខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតពិតប្រាកដសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនាឆ្នាំ២០២៧ខាងមុខ។
បញ្ជាក់ថាឃុំចំណាលើ មានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន៩រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន៥៩៨នាក់ ដែលបេក្ខជនឈរឈ្មោះមាន២១រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក៩រូប។













































