
ខេត្តព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារ ដោយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៦ បរិមាណទំនិញឆ្លងកាត់បានឈានដល់ជាង ២.៤៨៤ លានតោន កើនឡើងប្រមាណ ៤៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៥ ដែលមានត្រឹមជាង ១.៧២៥ លានតោនប៉ុណ្ណោះ។
តាមការបញ្ជាក់របស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអគ្គនាយក PAS បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ តែប៉ុណ្ណោះ កំពង់ផែបានដំណើរការផ្ទេរ-ផ្ទុកទំនិញជាកុងតេន័រចំនួន ១២២,៣៦៥ TEUs។ ក្នុងនោះ កុងតេន័រនាំចូលមានចំនួន ៦៥,៨៣៦ TEUs ខណៈការនាំចេញសម្រេចបាន ៥៥,៥២៩ TEUs បង្ហាញពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិដែលកំពុងមានចលនាខ្លាំង។

ការកើនឡើងនេះ ត្រូវបានមើលឃើញថាជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទដែលប្រទេសកំពុងបន្តពង្រឹងសមត្ថភាពភស្តុភារ និងការតភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ និងពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាខ្សែសង្វាក់សំខាន់មួយក្នុងការគាំទ្រការនាំចេញនាំចូល និងទាក់ទាញវិនិយោគបរទេស។
ឯកឧត្តមប្រធានអគ្គនាយក បានបញ្ជាក់បន្ថែមថា ការរីកចម្រើននេះ កើតឡើងក្រោមការដឹកនាំ និងអនុសាសន៍ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំកំពូល រួមមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជំរុញឲ្យមន្ត្រី និងបុគ្គលិកទាំងអស់ បន្តបង្កើនប្រសិទ្ធភាពការងារ និងការបម្រើសេវាកម្ម។
អ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា កំណើនលឿននៃបរិមាណទំនិញឆ្លងកាត់ផែនេះ អាចជាភស្តុតាងបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងសក្ដានុពលក្នុងការសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ ២០៥០៕






































