
ខេត្តព្រះវិហារ៖ អាជ្ញាធរអភិរក្សធនធានធម្មជាតិនៃកម្ពុជា បានបន្តការពង្រឹងវិធានការបង្ក្រាបបទល្មើសព្រៃឈើ ដោយថ្មីៗនេះ មន្ត្រីឧទ្យានុរក្សបានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកឈើខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា-ឆែប ខេត្តព្រះវិហារ។
ហេតុការណ៍ចុះបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន១នាក់។ ក្រុមការងារបានអនុវត្តការស្ទាក់ចាប់នៅចំណុចមុខស្នាក់ការក្បាលដំរី ត្រង់និយាមកាលេខ ៥៣៦៧០៦-១៥៦១១៣៨ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។

តាមរបាយការណ៍ អាជ្ញាធរបានឃាត់រថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-1443 ដែលបានដឹកឈើប្រភេទ សុក្រំ សរុបបរិមាណប្រមាណ ០.៨៦៧ ម៉ែត្រគូប។ សកម្មភាពដឹកជញ្ជូនឈើនេះត្រូវបានសង្ស័យថាមានលក្ខណៈខុសច្បាប់ និងបំពានលើច្បាប់អភិរក្សធនធានធម្មជាតិ។
បន្ទាប់ពីការឃាត់ចាប់ វត្ថុតាងរួមមានរថយន្ត និងឈើ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការក្បាលដំរី នៃដែនជម្រកសត្វព្រៃព្រះរកា ដើម្បីរង់ចាំការចាត់វិធានការតាមផ្លូវច្បាប់បន្ត។

អាជ្ញាធរបានបញ្ជាក់ថា ការបង្ក្រាបនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងបទល្មើសព្រៃឈើ ដែលកំពុងត្រូវបានអនុវត្តយ៉ាងតឹងរឹង ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ កម្ពុជាក៏កំពុងពង្រឹងកិច្ចសហការជាមួយដៃគូអន្តរជាតិ ក្នុងការពារព្រៃឈើ និងអភិរក្សជីវៈចម្រុះ ដែលមានសារៈសំខាន់សម្រាប់បរិស្ថានពិភពលោក។
អ្នកជំនាញបរិស្ថានបានព្រមានថា ការកាប់ឈើខុសច្បាប់នៅតំបន់អភិរក្ស អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ហើយទាមទារឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បន្ថែមទៀត៕ ដោយ សួន ពិសិត

































