
វឌ្ឍនភាពគម្រោងសាងសង់ រោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ដែលជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ១០០% របស់អ្នកឧកញ្ញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ក្នុងទំហំទុនវិនិយោគប្រមាណ ១.៣៥ពាន់លានដុល្លារ នៅខេត្តកោះកុង និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ឆាប់ៗខាងមុខនេះ។
រោងចក្រថាមពលអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា នឹងរួមចំណែកដល់ពង្រឹងស្ថេរភាពបណ្តាញ ភាពជឿ ទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។

គួរបញ្ជាក់ថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេលសាងសង់រួចរាល់។
បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV៕


































