(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិ៣នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន ៨០០ដុល្លារ ពីបុរសជនជាតិខ្មែរម្នាក់ នៅចំណុចសណ្ឋាគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ៣១០ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ដែលទទួលបាន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៣០ នាទី ការិយាល័យ ស្រាល សហការអធិការខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដែលបានប្រើប្រាស់ហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ជនរងគ្រោះម្នាក់ ដែលជាជនជាតិខ្មែរ។
ជនសង្ស័យទាំង៣ នាក់រួមមាន៖ ១-ឈ្មោះ Chen lang shu ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ២- ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិនមុខរបរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣- ឈ្មោះHan Ling ភេទប្រុស អាយុ១៩ឆ្នាំជនជាតិចិន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះដែលត្រូវបានចាប់ជំរិត ឈ្មោះ រុន ស្រស់ ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មុខរបរ បុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួល ផ្លូវ៨៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ការិយាល័យកម្រិតស្រាល កំពុងធ្វើការ សាកសួរតាមនីតិវិធី។
បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យប្រើរូបភាពឆាតហៅស្រីៗមកបំរើសេវាផ្លូវភេទរួចហើយជំរិតទារប្រាក់តែម្ដង ដោយក្រុមនេះមានជំនាញប្រើរូបភាពបែបនេះជាច្រើនករណីរួចមកហើយ៕

































