បារាំង បញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ទៅសមុទ្រក្រហម ដោយផ្តោតលើបេសកកម្មច្រកសមុទ្រ Hormuz

(ប៉ារីស)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បារាំងបានដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ទៅកាន់សមុទ្រក្រហម (Red Sea) ដែលជាផ្នែកមួយនៃគម្រោងបេសកកម្មដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ហើយដែលអាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាទីក្រុងតេហេរ៉ង់ ពិចារណាខ្លះអំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ចពិភពលោក កើតចេញពីការបិទច្រកផ្លូវនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

មន្ត្រីការិយាល័យប្រធានាធិបតីបារាំងម្នាក់ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកងទ័ពប្រកាសដាក់ពង្រាយ ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះចម្បាំងថា «ហេតុផលដែលយើងធ្វើបែបនេះ គឺងាយយល់ដែលថា បើការបិទផ្លូវច្រកសមុទ្រ Hormuz នៅតែបន្ត ដូច្នេះការខូចខាតដល់សេដ្ឋកិច្ចពិភពលោក កាន់តែច្បាស់ឡើងៗ ហើយហានិភ័យនៃការអូសបន្លាយនៃអរិភាពគឺធ្ងន់ធ្ងរពេក សម្រាប់ឱ្យយើងទទួលយកវា»

បារាំង និងចក្រភពអង់គ្លេស បានធ្វើការលើគម្រោងមួយ អស់រយៈពេលច្រើនសប្តាហ៍មកហើយ ដែលមានបំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាព ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ឬជម្លោះត្រូវបានដោះស្រាយ។ វាក៏នឹងតម្រូវឱ្យមានការសម្របសម្រួលជាមួយអ៉ីរ៉ង់ផងដែរ ហើយប្រទេសចំនួន ១០ បានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងបេសកកម្មនេះ។

តាមកងទ័ពបារាំង នាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle អមដោយនាវាចម្បាំងអ៉ីតាលី និងហូឡង់ កំពុងធ្វើដំណើរទៅកាន់សមុទ្រក្រហម ភាគខាងត្បូង។ ការដាក់ពង្រាយនេះមានគោលដៅវាយតម្លៃ ទៅលើបរិយាកាសប្រតិបត្តិការក្នុងតំបន់ ពង្រីកជម្រើសគ្រប់គ្រងវិបត្តិ ក្នុងក្របខ័ណ្ឌការពារស្របតាមច្បាប់អន្តរជាតិ និងជួយធានាដល់ភាគីពាក់ព័ន្ធពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ៕