អាជ្ញាធរឃុំថ្មស និងមន្ត្រីជំនាញសូរិយោដី អំពាវនាវដល់ប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ ចំពោះភាពមមាញឹកខ្លាំងក្នុងកិច្ចដំណើរការចុះបញ្ជីដីធ្លីប្រព័ន្ធ

ខេត្តកោះកុង ៖ ដើម្បីធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានឃុំថ្មស រួមជាមួយមន្ត្រីជំនាញសូរិយោដី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ។


យោងតាមស្ថានភាពជាក់ស្តែងនៅសាលាឃុំថ្មស ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចំនួនឯកសារដែលបងប្អូនប្រជាពលរដ្ឋបានយកមកដាក់មានចំនួនច្រើនលើសលប់លើសពីការរំពឹងទុក។ ដោយហេតុផលបច្ចេកទេស ដែលទាមទារការពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់លើរាល់ឯកសារនីមួយៗ ដើម្បីចៀសវាងរាល់កំហុសឆ្គងជាយថាហេតុ អាជ្ញាធរ និងមន្ត្រីជំនាញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាផ្តល់នូវការខន្តីអភ័យទោស និងយោគយល់ចំពោះភាពយឺតយ៉ាវដែលកើតមានឡើង។


ដើម្បីរក្សានូវសណ្តាប់ធ្នាប់ និងសមធម៌ ក្រុមការងារជំនាញបាននិងកំពុងអនុវត្តកិច្ចការនេះ ទៅតាមគោលការណ៍ “មកមុន ធ្វើមុន” ពោលគឺផ្អែកលើលេខរៀងនៃកាលបរិច្ឆេទដែលបងប្អូនបានដាក់ពាក្យ។ អាជ្ញាធរមានសមត្ថកិច្ចសូមបញ្ជាក់ជូនថា រាល់ឯកសារទាំងអស់ដែលបានទទួលយក នឹងត្រូវចាត់ចែងធ្វើជូនឱ្យបានគ្រប់ៗគ្នា មិនទុកឯកសារណាមួយចោលដោយគ្មានការដោះស្រាយនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះ អាជ្ញាធរឃុំថ្មស ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការអត់ធ្មត់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាកម្លាំងចិត្តដ៏សំខាន់ជួយឱ្យមន្ត្រីបំពេញភារកិច្ចកាន់តែសកម្ម ដើម្បីបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះឱ្យបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕ ដោយ កៅ វង