អ៊ុយក្រែននិងរុស្ស៉ី ចោទគ្នាទៅមកអំពីការបំពានបទឈប់បាញ់គាំទ្រដោយអាមេរិក

(កៀវ)៖ បទឈប់បាញ់រយៈពេល៣ថ្ងៃ រវាងអ៊ុយក្រែននិងរុស្ស៉ី ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិក ហាក់បានស្ថិតក្រោមសម្ពាធខ្លាំង កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក អំពីការរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យ ក្រុមមន្រ្តីអ៊ុយក្រែន បានអះអាងថា មនុស្ស៣នាក់បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី នៅក្បែរខ្សែបន្ទាត់ជួរមុខ ហើយការប៉ះទង្គិចសរុបជាង ២០០លើកនៅសមរភូមិ បានកើតមានឡើង គិតចាប់តាំងពីថ្ងៃសៅរ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានផ្អាកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែបានបន្តការវាយលុកនៅតាមបណ្តោយខ្សែបន្ទាត់សមរភូមិ ជាទីដែលកងទ័ពរុស្ស៉ីកំពុងរុលទៅមុខ។

ដោយឡែក ក្នុងថ្ងៃអាទិត្យដដែល ក្រសួងការពារជាតិរុស្ស៉ី ក៏បានចោទអ៊ុយក្រែនអំពីការបំពានបទឈប់បាញ់ដូចគ្នាដែរ ដោយអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៥៧គ្រឿង ហើយកងកម្លាំងរុស្ស៉ីបានឆ្លើយតបសមស្របទៅវិញ នៅលើសមរភូមិ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃសៅរ៍ មកដល់ថ្ងៃចន្ទសប្តាហ៍នេះ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ហើយបានបង្ហាញក្តីសង្ឃឹមថា លោកចង់ឃើញវាត្រូវ​បានពន្យារពេលយូរថែមទៀត។ ក្រោមបទឈប់បាញ់ អ៊ុយក្រែននិងរុស្ស៉ី ក៏បានព្រមព្រៀងដោះដូរអ្នកទោសគ្នាម្ខាង ១០០០នាក់ផងដែរ។ វាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់អាមេរិក ដែលមកទល់ពេលនៅតែពុំទាន់អាចជួយបិទបញ្ចប់ សង្រ្គាមដែលអូសបន្លាយជាង៤ឆ្នាំមកហើយ៕